ព័ត៌មានអន្តរជាតិ

តៃវ៉ាន់ លុបចោលការបញ្ជូនរដ្ឋមន្រ្តីផ្នែកឌីជីថល ទៅចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងតូក្យូ

តៃប៉ិ៖អ្នកនាំពាក្យគណៈរដ្ឋមន្រ្តីបាននិយាយថា កោះតៃវ៉ាន់បានលុបចោល ការបញ្ជូនរដ្ឋមន្រ្តីឌីជីថល Audrey Tang ទៅកាន់ប្រទេសជប៉ុន ដើម្បីចូលរួមព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ បន្ទាប់ពីអ្នករៀបចំបានដាក់កម្រិតចំនួន អ្នកចូលរួមដើម្បីការពារការឆ្លងវីរុសនេះ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។

អ្នកនាំពាក្យរូបនេះបានបន្តថា គណៈកម្មាធិការអូឡាំពិកអន្តរជាតិបានផ្ញើសេចក្តីជូនដំណឹងមួយទៅកាន់កោះតៃវ៉ាន់កាលពីថ្ងៃពុធដោយបញ្ជាក់ពីការចូលរួមនៅក្នុងពិធីបើកការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូនៅថ្ងៃទី ២៣ ខែកក្កដានឹងត្រូវកំណត់ចំពោះប្រមុខរដ្ឋ។ កោះតៃវ៉ាន់បានប្រកាសកាលពីថ្ងៃទី ១០ ខែកក្កដាថា ខ្លួននឹងបញ្ជូនរដ្ឋមន្រ្តីឌីជីថលជាអ្នកតំណាងកោះទៅចូលរួមប្រកួតកីឡាអូឡាំពិក។

នៅក្នុងបណ្តាញសង្គម Twitter ជាភាសាជប៉ុន លោក Tang បានសរសេរថា ខ្ញុំសង្ឃឹមថានឹងមកលេងប្រទេសជប៉ុន និងរួមចំណែកដល់ការផ្លាស់ប្តូររវាងតៃវ៉ាន់ និងជប៉ុនប្រសិនបើខ្ញុំមានឱកាសផ្សេងទៀត។ ក្នុងនាមជាអ្នកសរសេរកម្មវិធីកុំព្យូទ័រដែលទទួលបានជោគជ័យ។

លោក Tang បានទាក់ទាញការយកចិត្តទុកដាក់ដោយបង្កើតប្រព័ន្ធសម្រាប់ការចែកចាយរបាំងមុខស្មើ ៗ គ្នាបន្ទាប់ពីមានជំងឺរាតត្បាតឆ្លង។ រដ្ឋមន្រ្តីឌីជីថលក៏បានរៀបចំប្រព័ន្ធបម្រុងទុកវ៉ាក់សាំងសម្រាប់កោះនេះ ផងដែរ៕ ដោយ៖លី ភីលីព

Most Popular

To Top