បរទេស៖សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីការពារជាតិនៃប្រទេសគុយបា និងផ្នែកនៃក្រសួងមហាផ្ទៃ សម្រាប់ការបង្ក្រាបការតវ៉ាដោយសន្តិវិធី ហើយនេះជាចំណាត់ការមួយដែលលោកប្រធានាធិបតី ចូ បៃដិន និយាយថា ត្រឹមតែជាការចាប់ផ្តើមនៃវិធានការពិន័យលើទីក្រុង Havana។
ក្រសួងរតនាគារអាមេរិក បាននិយាយថា ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេស បានបង្កកទ្រព្យសម្បត្តិរបស់លោករដ្ឋមន្ត្រី Alvaro Lopez Miera និងកងពលតូចជាតិពិសេស ដែលជាការិយាល័យមួយរបស់ក្រសួងមហាផ្ទៃរបស់ប្រទេសគុយបា ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស ដែលធ្វើឡើងក្នុងអំឡុងបង្រ្កាបលើការតវ៉ា កាលពីដើមខែកក្កដា។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រោយភ្លាមៗបន្ទាប់ពីការប្រកាសអំពីទណ្ឌកម្មនោះត្រូវបានធ្វើឡើង លោក ចូ បៃដិន បានមានប្រសាសន៍ថា “នេះត្រឹមតែជាការចាប់ផ្តើម សហរដ្ឋអាមេរិកនឹងបន្តដាក់ទណ្ឌកម្មបុគ្គលនានា ដែលទទួលខុសត្រូវលើការជិះជាន់ប្រជាជនគុយបា”។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន France 24 នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា លោកប្រធានាធិបតីសហរដ្ឋអាមេរិក បានមានប្រសាសន៍យ៉ាងដូច្នេះថា “ទន្ទឹមនឹងយើងធ្វើឲ្យរបបគុយបាទទួលខុសត្រូវនោះ ការគាំទ្ររបស់យើងចំពោះប្រជាជនគុយបា គឺគ្មានការងាករេទេ”៕ប្រែសម្រួល៖ប៉ាង កុង