ព័ត៌មានអន្តរជាតិ

នាវាទ័ពជើងទឹក អ៊ីរ៉ង់ ធ្វើដំណើរតាមសមុទ្រ បាល់ទិក ឆ្ពោះទៅរុស្ស៊ី

បរទេស ៖ នាវាចម្បាំងចំនួនពីរគ្រឿង មកពីកងទ័ពជើងទឹក នៃប្រទេសអ៊ីរ៉ង់ តាមសេចក្តី រាយការណ៍ ត្រូវបានគេប្រទះឃើញ ធ្វើដំណើរកាត់តាមសមុទ្របាល់ទិក កាលពីថ្ងៃព្រហស្បតិ៍នេះ ឆ្ពោះទៅកាន់ទីក្រុង St. Petersburg ប្រទេសរុស្ស៊ី សម្រាប់ពិធីព្យុហយាត្រា ទ័ពជើងទឹកមួយ ដែលនឹងធ្វើឡើងនៅចុងខែនេះ ។

ទីភ្នាក់ងារសារព័ត៌មាន The Drive បានរាយការណ៍ថា រូបភាពពីផ្កាយរណប បានបង្ហាញឲ្យឃើញនាវានេះ នៅមុនពេលវាចូលទៅក្នុងច្រកផ្លូវទឹក English Channel ដែលរួមមានទាំងនាវា មានមូលដ្ឋាននៅសមុទ្រ Makran និងនាវាចម្បំាង Sahand ដែលជានាវាចម្បំាង ដ៏ទំនើបបំផុតរបស់ប្រទេសអ៊ីរ៉ង់ ។

ក្រសួងការពារជាតិដាណឺម៉ាក បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា នាវាទ័ពជើងទឹកអ៊ីរ៉ង់ទាំងពីរគ្រឿងនោះ បានធ្វើដំណើរចេញពីតំបន់ឆ្នេរ Senegal នៅមុនពេលឆ្លងកាត់ឈូង សមុទ្រ Biscay និងច្រកផ្លូវទឹក English Channel ដោយជាចុងក្រោយឆ្លងចូលទៅ ក្នុងសមុទ្របាល់ទិក ហើយនាវាដាណឺម៉ាក បានធ្វើដំណើរតាមពីក្រោយនាវាទាំងនោះផងដែរ ។

ចំណែមក្រុមមន្ត្រីនៃប្រទេសអ៊ីរ៉ង់ តាមសេចក្តីរាយការណ៍ បានធ្វើការជូនដំណឹង ដល់អាជ្ញាធរនានា នៅទីក្រុងកូប៉ិនហាកថា នាវាទាំងពីរគ្រឿងនោះ នឹងធ្វើដំណើរឆ្លងកាត់តាមដែនទឹក នៃប្រទេសដាណឺម៉ាក ឆ្ពោះទៅកាន់ប្រទេសរុស្ស៊ី ៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top