បរទេស ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បាននិយាយនៅថ្ងៃអាទិត្យថា កងទ័ពជើងទឹករុស្ស៊ី អាចចាប់ សញ្ញាសត្រូវ និងធ្វើការវាយប្រហារ ដែលមិនអាចរារាំងបាន ប្រសិនបើចាំបាច់ ក្រោយប៉ុន្មានសប្ដាហ៍ បន្ទាប់ពីនាវាចម្បាំង អង់គ្លេសធ្វើឲ្យទីក្រុងមូស្គូខឹង ដោយធ្វើដំណើរឆ្លងកាត់ តាមឧបទ្វីបគ្រីមា ។
ថ្លែងនៅក្នុងពិធីព្យុហយាត្រា ទ័ពជើងទឹកមួយ ក្នុងទីក្រុង St Petersburg លោក ពូទីន បានមានប្រសាសន៍ យ៉ាងដូច្នេះថា “យើងមានសមត្ថភាព អាចចាប់សញ្ញារបស់សត្រូវ នៅក្រោមទឹកនិងលើទឹក ហើយប្រសិនបើចាំបាច់ នឹងធ្វើការវាយប្រហារ ដែលគ្មានអ្នកអាច រារាំងបានទៅលើវា” ។
ការថ្លែងរបស់លោក ពូទីន នេះ គឺត្រូវបានធ្វើឡើង ក្រោយមានហេតុការណ៍មួយនៅក្នុងសមុទ្រខ្មៅ ក្នុងខែមិថុនា ជាពេលដែលរុស្ស៊ី និយាយថា ខ្លួនបានបាញ់គ្រាប់ព្រមាន និងទម្លាក់គ្រាប់បែក នៅតាមផ្លូវធ្វើដំណើរ របស់នាវាចម្បាំងអង់គ្លេស មួយគ្រឿង ដើម្បីបណ្ដេញវាឲ្យចេញពីដែនទឹកតំបន់គ្រីមា។
គួរបញ្ជាក់ថា លោក ពូទីន កាលពីខែមុន បាននិយាយ ថា រុស្ស៊ីអាចវាយពន្លិចនាវាចម្បាំងអង់គ្លេស HMS Defender បាន ដោយចោទ ថា បានបំពាន ចូលដោយខុសច្បាប់ ក្នុងដែនទឹក របស់រុស្ស៊ី ព្រមទាំងបាននិយាយថា សហរដ្ឋអាមេរិក បានដើរតួនាទីនៅក្នុងការបង្កហេតុនោះ ៕ ប្រែសម្រួល៖ប៉ាង កុង