របបកូរ៉េខាងជើង បានដាក់ចេញគោលការណ៍ បង្ក្រាបពេញទំហឹង ហើយបញ្ចៀស ឥទ្ធិពលពីបរទេស រួមមានទាំង វិស័យភាពយន្ត បទចម្រៀង និងទប់ស្កាត់ឥរិយាបទប្រឆាំងនឹងសង្គមនិយម ដែលជាអ្វីដែលលោក Kim Jong Un ហៅថាជា «ថ្នាំពុលដ៏គ្រោះថ្នាក់» ។
ច្បាប់របស់កូរ៉េខាងជើង ពិតជាតឹងរ៉ឹងខ្លាំង ហើយបានគំរាមកំហែង ដល់អ្នករំលោភបំពាន ទៅតាមស្ថានទោស ដោយខ្លះត្រូវបង់ប្រាក់ពិន័យ ខ្លះដល់ថ្នាក់ជាប់ពន្ធនាគារ ស្របពេលទម្ងន់ទោសធំ អាចឈានដល់ការស្លាប់ទៀតផង ។
បើយោងតាម ភ្នាក់ងារព័ត៌មាន Daily NK បានស្រង់ព័ត៌មានពីប្រភព របស់ខ្លួននៅប្រទេសកូរ៉េខាងជើង ដែលបានរាយការណ៍មកថា អាជ្ញាធរបានបង្កើនកម្លាំង ដើម្បីបញ្ចៀសទប់ស្កាត់ មិនឲ្យមានការលេងខ្លួនទំនោរ ទៅបរទេសដូចជា ការលេងពណ៌សក់ ការពាក់ក្រវិល ស្លៀកខោខូវប៊យ និងសម្លៀកបំពាក់ទាំងឡាយណា ដែលមានអក្សរបរទេសពីលើ។ ត្រឡប់ទៅកាលពី ខែធ្នូ ប្រព័ន្ធផ្សព្វផ្សាយ របស់កូរ៉េខាងត្បូង បានរាយការណ៍ថារដ្ឋាភិបាលកូរ៉េខាងជើងបានដាក់ឲ្យប្រើច្បាប់ថ្មី “Anti-Reactionary Thought” ដែលមានគោលបំណងទប់ស្កាត់ ឥទ្ធិពលបរទេស រួមមានដូចជាខ្សែភាពយន្ត តន្ត្រី និងសូម្បីតែពាក្យ ស្លោកពីបរទេស ក៏មិនឲ្យមានក្នុងប្រទេសនេះដែរ ។
ប្រទេសកូរ៉េខាងជើង កំពុងបន្តអនុវត្តច្បាប់បស់ខ្លួនមួយនេះ ដោយហាមប្រាមដាច់ខាត មិនឲ្យឥទ្ធិពលពីបរទេស ជ្រាបចូលប្រទេសរបស់ខ្លួនដាច់ខាត ហើយការអនុវត្តនេះគឺធ្វើឡើង ជាលក្ខណៈទ្រង់ទ្រាយធំបំផុត ឯសំណួរសួរថា «ហេតុអ្វី?» នៅតែមិនទាន់រកឃើញ ចម្លើយទល់ពេលនេះ៕