ព័ត៌មានអន្តរជាតិ

អាមេរិក-រុស្ស៊ី បើកកិច្ចពិភាក្សាគ្នា ស្ដីពីស្ថេរភាពយុទ្ធសាស្រ្ត ឆ្ពោះទៅរកការគ្រប់គ្រង អាវុធនាពេលអនាគត

ហ្សឺណែវ ៖ សហរដ្ឋអាមេរិក និងរុស្ស៊ី បានរៀបចំកិច្ចសន្ទនាកម្រិតខ្ពស់ ស្តីពីស្ថេរភាពយុទ្ធសាស្ត្រ ដែលប្រធានាធិបតី អាមេរិកលោក ចូ បៃដិន និងសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្តេជ្ញានៅពេលពួកគេជួបគ្នា នៅទីក្រុងហ្សឺណែវ កាលពីខែមុន ។

យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័តមានចិនស៊ិនហួបានឲ្យដឹងថា កិច្ចពិភាក្សានេះដឹកនាំ ដោយអនុរដ្ឋលេខាធិការ សហរដ្ឋអាមេរិកលោកស្រី Wendy Sherman និងអនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Sergey Ryabkov បានធ្វើឡើងនៅទីនេះ នៅពីក្រោយកិច្ចពិភាក្សា បិទទ្វារ។

សេចក្តីថ្លែងការណ៍ របស់រដ្ឋាភិបាលអាមេរិក ដែលបានចេញនៅថ្ងៃពុធនេះ បានឲ្យដឹថា គណៈប្រតិភូអាមេរិក បានពិភាក្សាអំពីអាទិភាពគោល នយោបាយអាមេរិក និងបរិយាកាសសន្តិសុខ បច្ចុប្បន្ន ការយល់ឃើញថ្នាក់ជាតិ ចំពោះការគំរាមកំហែង ដល់ស្ថិរភាពយុទ្ធសាស្ត្រ ការរំពឹងទុក សម្រាប់ការគ្រប់គ្រងអាវុធនុយក្លេអ៊ែរថ្មី និងទម្រង់សម្រាប់វគ្គ“ កិច្ចសន្ទនាស្ថេរភាពយុទ្ធសាស្ត្រ” នាពេលអនាគត។

កិច្ចពិភាក្សានៅទីក្រុងហ្សឺណែវ មានលក្ខណៈវិជ្ជាជីវៈ និងមានសារៈសំខាន់ ។ គណៈប្រតិភូទាំងពីរ បានយល់ព្រមជួបគ្នាម្តងទៀត នៅក្នុងសម័យប្រជុំពេញអង្គ នៅចុងខែកញ្ញា និងធ្វើការពិគ្រោះយោបល់ក្រៅផ្លូវការ ជាបណ្តោះអាសន្ន ក្នុងគោលបំណងកំណត់ប្រធានបទ សម្រាប់ក្រុមការងារជំនាញនៅកិច្ចប្រជុំពេញអង្គលើកទី ២ នេះបើតាមសេចក្តីថ្លែងការណ៍ ។

សេចក្តីថ្លែងការណ៍មួយ ដែលចេញដោយក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងផងដែរថា កិច្ចប្រជុំនៅថ្ងៃពុធនេះ បានគ្របដណ្តប់លើប្រធានបទ“ ទូលំទូលាយ” មួយចំនួន ។

សេចក្តីថ្លែងការណ៍ របស់រុស្ស៊ីបានឲ្យដឹងថា“ យោងតាមការណែនាំរបស់ប្រធានាធិបតី នៃប្រទេសទាំងពីរ ការពិភាក្សាដ៏ទូលំទូលាយ អំពីវិធីសាស្រ្តរបស់ភាគី ដើម្បីរក្សាស្ថេរភាពយុទ្ធសាស្ត្រការរំពឹងទុក សម្រាប់ការគ្រប់គ្រងអាវុធ និងវិធានការកាត់បន្ថយហានិភ័យ ត្រូវបានធ្វើឡើង”៕
ដោយ ឈូក បូរ៉ា

Most Popular

To Top