ព័ត៌មានអន្តរជាតិ

សេដ្ឋកិច្ចកូរ៉េខាងជើង​ ធ្លាក់ចុះខ្លាំងបំផុត ក្នុងរយៈពេល២៣ឆ្នាំ ស្របពេលមានកូវីដ១៩ និងទណ្ឌកម្ម

បរទេស ៖ សេដ្ឋកិច្ចរបស់ប្រទេស កូរ៉េខាងជើង បានរងការធ្លាក់ចុះដ៏ខ្លាំងបំផុត ក្នុងរយៈ២៣ឆ្នាំ នៅក្នុងឆ្នាំ២០២០ ស្របពេលដែលប្រទេសនេះ ទទួលរងការបន្តដាក់ទណ្ឌកម្ម ពីអង្គការសហប្រជាជាតិ វិធានការដាក់បម្រាមគោចរ ដោយសារជម្ងឺកូវីដ១៩ និងគ្រោះមហន្តរាយធម្មជាតិ នេះបើយោងតាមការឲ្យដឹង ពីធនាគារកណ្ដាលកូរ៉េខាងត្បូង នៅថ្ងៃសុក្រនេះ ។

នៅថ្ងៃសុក្រនេះ ធនាគារកូរ៉េ BOK បាននិយាយថា ផលិតផលជាតិសរុប ក្នុងសេដ្ឋកិច្ច នៃប្រទេសកុម្មុយនិស្តឯកោនេះ បានធ្លាក់ចុះ៤,៥ភាគរយ កាលពីឆ្នំាមិញ ហើយនេះគឺជាការធ្លាក់ចុះ ដ៏អាក្រក់ គិតចាប់តាំងពីឆ្នាំ១៩៩៧មក និងផ្ទុយពីការកើនឡើង ០,៤០ភាគរយក្នុងឆ្នាំ២០១៩ ដែលជាការចម្រើនឡើង ដំបូងក្នុងពេល៣ឆ្នាំ ។

មន្ត្រីធនាគារ BOK បាននិយាយប្រាប់អ្នក សារព័ត៌មានយ៉ាងដូច្នេះថា “ទន្ទឹមនឹងការបន្តដាក់ទណ្ឌកម្មដ៏តឹងរឹងពីអង្គការ សហប្រជាជាតិនោះ វិធានការបិទព្រំដែនរបស់កូរ៉េខាងជើង ដើម្បីប្រយុទ្ធនឹងការរាតត្បាត នៃជម្ងឺកូវីដ១៩ និង លក្ខខណ្ឌអាកាសធាតុ ដ៏អាក្រក់នានា ដូចជាភ្លៀងខ្លាំងនិង ព្យុះទីហ្វុងជាដើម គឺជាកត្តាជំរុញចម្បង នៃការធ្លាក់ចុះសេដ្ឋកិច្ចនេះ ។

យោងតាមសេចក្តី រាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Block News នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា ការប៉ាន់ស្មាននៃទិន្នន័យសេដ្ឋកិច្ច របស់កូរ៉េខាងជើង ធ្វើឡើងដោយធនាគារ BOK នេះ ត្រូវបានគេចាត់ទុកថា គួរឲ្យជឿ ជាក់បានបំផុត ស្របពេលដែលប្រទេសឯកោនេះ មិនមានចេញស្ថិតិណាមួយ ស្តីពីសេដ្ឋកិច្ចរបស់ខ្លួននោះ៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top