រីយ៉ូ ៖ ប្រភពពីក្រសួងសុខាភិបាល បានឲ្យដឹងថា ប្រទេសប្រេស៊ីល បានចុះបញ្ជីចំនួនអ្នកស្លាប់ ដោយសារ ជំងឺកូវីដ-១៩ ចំនួន ១៣១៨នាក់ បន្ថែមទៀតក្នុង រយៈពេល ២៤ ម៉ោងកន្លងមក ដែលបង្កើនចំនួនអ្នកស្លាប់ ថ្នាក់ជាតិកើនឡើង ដល់ ៥៥៤,៤៩៧ នាក់។
យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងថា ទន្ទឹមនឹងនេះករណីឆ្លង សរុបកើនឡើងដល់ ១៩,៨៣៩,៣៦៩ បន្ទាប់ពីករណីថ្មីចំនួន ៤២,២៨៣ករណី ត្រូវបានរកឃើញបន្ថែមទៀត ។
បច្ចុប្បន្នប្រទេសប្រេស៊ីល មានចំនួនអ្នកស្លាប់ ដោយសារជំងឺរាតត្បាតខ្ពស់បំផុត លំដាប់ទី ២ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងជាប្រទេស ដែលមានករណីឆ្លងធំជាងគេទី៣ បន្ទាប់ពីសហរដ្ឋអាមេរិក និងឥណ្ឌា ។
យោងតាមក្រសួងនេះបានឲ្យដឹងថា ប្រទេសអាមេរិកខាងត្បូងមួយនេះ កំពុងជួបប្រទះ រលកឆ្លងថ្មី ដែលមន្ទីរពេទ្យ ត្រូវបានគ្របដណ្ដប់ ដោយអ្នកជំងឺស្ទើតែទាំងស្រុង ។
គួរបញ្ជាក់ថា ប្រជាជនប្រេស៊ីល ១៣៧,៦ លាននាក់ បានទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ យ៉ាងហោចណាស់មួយដូស ហើយមានមនុស្សចំនួន ៣៩,៤ លាននាក់បានចាក់វ៉ាក់សាំង ពេញលេញ ៕ដោយ ឈូក បូរ៉ា