ព័ត៌មានអន្តរជាតិ

អនុប្រធានាធិបតីអាមេរិក នឹងបំពេញទស្សនកិច្ចនៅសិង្ហបុរី និងវៀតណាម ដើម្បីពង្រឹងភាព ជាដៃគូតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក

វ៉ាស៊ីនតោន៖ ប្រភពពីសេតវិមានបានឲ្យដឹងថា អនុប្រធានាធិបតីអាមេរិកលោកស្រី កាម៉ាឡា ហារីស នឹងធ្វើដំណើរទៅប្រទេសសិង្ហបុរី និងវៀតណាម នៅខែសីហា ដើម្បីពង្រឹងទំនាក់ទំនង និងពង្រីកកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចជាមួយដៃគូ“ សំខាន់” ទាំងពីរនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

សេតវិមានបានឲ្យដឹងថា ដំណើរទស្សនកិច្ចនាពេលខាងមុខនេះ មានគោលបំណង“ ធ្វើឱ្យការចូលរួមរបស់យើង កាន់តែស៊ីជម្រៅនៅអាស៊ីអាគ្នេយ៍” ដែលជាតំបន់មួយ ដែលត្រូវបានរងផលប៉ះពាល់ ដោយផ្ទាល់ពីការកើនឡើងនូវឥទ្ធិពលរបស់ចិន។ លោកស្រី ហារីស នឹងក្លាយជាអនុប្រធានាធិបតីអាមេរិកទីមួយ ដែលមិនធ្លាប់មាន ដែលមកបំពេញទស្សនកិច្ចនៅវៀតណាម។

សេតវិមានបានឲ្យដឹងទៀងថា នៅក្នុងដំណើរទស្សនកិច្ចនេះ អនុប្រធានាធិបតីរូបនេះ នឹងជួបជាមួយមេដឹកនាំ នៃរដ្ឋាភិបាលទាំងពីរលើបញ្ហានានារួមទាំងសន្តិសុខតំបន់ ការឆ្លើយតបជាសកលចំពោះជំងឺរាតត្បាតសកល ការផ្លាស់ប្តូរអាកាសធាតុ និងកិច្ចខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់សណ្តាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើច្បាប់។

រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កំពុងធ្វើការដើម្បីសុំសម្ព័ន្ធមិត្ត និងដៃគូរបស់អាមេរិក ដើម្បីប្រឆាំងនឹងការអះអាងពីសេដ្ឋកិច្ចនិងយោធារបស់ចិន នៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ដំណើរឆ្ពោះទៅមុខនេះ អាចត្រូវបានគេមើលឃើញថា ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនវត្តមានរបស់អាមេរិក នៅអាស៊ីអាគ្នេយ៍។

រដ្ឋមន្រ្តីការពារជាតិអាមេរិកលោក Lloyd Austin ទើបតែបញ្ចប់ដំណើរទស្សនកិច្ចមួយ ដែលនាំលោកទៅប្រទេសសិង្ហបុរី វៀតណាម និងហ្វីលីពីនដែលធ្វើឱ្យលោក ក្លាយជាសមាជិកដំបូងនៃគណៈរដ្ឋមន្ត្រីរបស់លោក បៃដិន ដែលបានមកទស្សនកិច្ចតំបន់អាស៊ីអាគ្នេយ៍៕ ដោយ ឈូក បូរ៉ា

Most Popular

To Top