បរទេស ៖ មន្ត្រីកូរ៉េខាងជើងមួយរូប ដែលត្រូវបានស្តីបន្ទោស ដោយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពី ខែមិថុនា សម្រាប់ភាពខ្សោយ ក្នុងការគ្រប់គ្រងជម្ងឺកូវីដ១៩ នោះ បានបង្ហាញខ្លួនជាថ្មី នៅក្បែរមេដឹកនាំកូរ៉េខាងជើង ក្នុងអំឡុងដំណើរ ទស្សនកិច្ច លោក គីម ជុងអ៊ុន នៅវិមានមិត្តភាពចិននិងកូរ៉េ ក្នុងទីក្រុងព្យុងយ៉ាង ។
លោក Ri Pyong Chol ដែលជាអនុប្រធាន នៃគណៈកម្មការយោធា កណ្ដាលកាលពីឆ្នាំមិញ ត្រូវបានគេលើកឡើង នៅក្នុងសេចក្តី រាយការណ៍មួយ ស្តីពីទស្សនកិច្ចមេដឹកនាំកូរ៉េខាងជើង នៅក្នុងកាសែតបក្សពលករកូរ៉េ ឈ្មោះ Rodong Sinmun កាលពីថ្ងៃព្រហស្បតិ៍ ។
យោងតាមកាសែតកូរ៉េខាងជើង ខាងលើនេះ លោក Pak Jong Chon ជាប្រធានបុគ្គលិក ទូទៅ នៃយោធាកូរ៉េខាងជើង និងជាសមាជិកមួយរូប នៃការិយាល័យនយោបាយ ក៏នៅអមជាមួយមេដឹកនាំកូរ៉េខាងជើង នោះផងដែរ ។
ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង News 1 បានរាយការណ៍ថា មន្ត្រីក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងមួយរូប បាននិយាយប្រាប់ អ្នកសារព័ត៌មានថា លោក Ri Pyong Chol បានកាន់តំណែងខ្ពស់ជាងមុន នៅក្នុងចំណោមបុគ្គលិកយោធា នៅក្នុងអំឡុងដំណើរទស្សនកិច្ច វិមានមិត្តភាពនោះ ៕ ប្រែសម្រួល៖ប៉ាង កុង