ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ព្រមានឆ្លើយតបបន្ទាន់ និងខ្លាំងក្លា ចំពោះឧបទ្ទវហេតុ នាវាដឹកប្រេង

តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់ បានច្រានចោលការចោទប្រកាន់ របស់អង់គ្លេស និងសហរដ្ឋអាមេរិក ទាក់ទងនឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក លើនាវាដឹកប្រេង ដែលគ្រប់គ្រងដោយ អ៊ីស្រាអែល នៅភាគខាងជើង នៃសមុទ្រអារ៉ាប់ ហើយបានព្រមានថា ខ្លួននឹងឆ្លើយតបភ្លាមៗ និងយ៉ាងខ្លាំង ចំពោះគ្រោះថ្នាក់ដែលអាចកើតមាន” ។

លោក Saeed Khatibzadeh អ្នកនាំពាក្យក្រសួងនេះ ត្រូវបានដកស្រង់សម្តីដោយគេហទំព័រផ្លូវការរបស់ក្រសួងថា“ សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់នឹងមិនស្ទាក់ស្ទើរក្នុងការការពារសន្តិសុខ និងផលប្រយោជន៍ជាតិរបស់ខ្លួនភ្លាមៗនោះទេ ហើយនឹងឆ្លើយតបភ្លាមៗនិងយ៉ាងខ្លាំងក្លា ចំពោះដំណើរផ្សងព្រេងណាមួយ ដែលអាចកើតមាន” ។

កាលពីថ្ងៃអាទិត្យរដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក Dominic Raab បានចោទអ៊ីរ៉ង់ពីបទ“ បើកការវាយប្រហារដោយប្រើយន្តហោះគ្មានមនុស្សបើកដោយចេតនាលើនាវាដឹកប្រេង Mercer Street” ដែលបណ្តាលឱ្យសមាជិកនាវិកពីរនាក់ស្លាប់។ ក្រោយមកនៅថ្ងៃដដែលរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានចោទប្រកាន់ដូចលោក Dominic Raab ម្តងហើយម្តងទៀត។

លោក Khatibzadeh សោកស្តាយចំពោះការចោទប្រកាន់នេះ ហើយបានជំរុញឱ្យទីក្រុងឡុងដ៍ និងវ៉ាស៊ីនតោន បង្ហាញ“ ភស្តុតាងណាមួយសម្រាប់ការអះអាងក្លែងក្លាយរបស់ពួកគេ” ។

លោកបានបន្ថែមថា“ វាជាការអាណិត ដែលប្រទេសទាំងនេះនៅតែរក្សាការស្ងៀមស្ងាត់ ចំពោះការវាយប្រហារភេរវកម្ម និងសកម្មភាពបំផ្លិចបំផ្លាញនាវាពាណិជ្ជកម្មអ៊ីរ៉ង់ នៅសមុទ្រក្រហម និងដែនទឹកអន្តរជាតិ” ។

ក្រុមហ៊ុន Zodiac Maritime ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ជាកម្មសិទ្ធិរបស់មហាសេដ្ឋីអ៊ីស្រាអែល Eyal Ofer បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា ការវាយប្រហារលើនាវាដឹកប្រេងរបស់ខ្លួនឈ្មោះ Mercer Street កាលពីថ្ងៃទី២៩ ខែកក្កដា បានសម្លាប់ជនជាតិរ៉ូម៉ានីម្នាក់ និងជនជាតិអង់គ្លេសម្នាក់៕ដោយ ឈូក បូរ៉ា

Most Popular

To Top