ព័ត៌មានអន្តរជាតិ

អាមេរិក នឹងមិនបិទប្រទេសសាជាថ្មីឡើយ ទោះដោយសារកូវីដ ពូជថ្មី Delta Variant ក្តី

បរទេស៖យោងតាមការបញ្ជាក់របស់ មន្ត្រីជំនាញកំពូលរបស់អាមេរិកលោក Dr. Anthony Fauci កាលពីចុងសប្តាហ៍កន្លងទៅនេះបានលើកឡើងថា ប្រទេសអាមេរិកនឹងមិនធ្វើការ
បិទប្រទេសសាជាថ្មីឡើយ ទោះបីជាស្ថានភាពកំពុងធ្លាក់ចុះកាន់តែអាក្រក់បំផុតដោយសារ បញ្ហាកូវីដពូជថ្មី Delta Variant ក្តី។

លោក Fauci បានថ្លែងបញ្ជាក់ប្រាប់ក្រុមការងាររបស់ ABC ថាកូវីដពូជថ្មីដែលកំពុងរីករាលដាល ប៉ុន្តែធៀបទៅនឹងចំនួនពលរដ្ឋអាមេរិកដែលបានទទួលវ៉ាក់សាំង មានន័យថាអាមេរិកនឹងអាចបញ្ចៀសខ្លួនចេញពីការ បិទខ្ទប់សាជាថ្មី។

យោងតាមការស្រាវជ្រាវតួលេខដោយ កាសែតរ៉យទ័របានរកឃើញថាចំនួនជាមធ្យម នៃការឆ្លងវិរុសកូវីដនៅក្នុងប្រទេសអាមេរិកគឺមាន ការកើនឡើងរហូតទៅដល់២ដង ក្នុងរយៈពេលត្រឹមតែ១០ថ្ងៃ ចុងក្រោយនេះប៉ុណ្ណោះ។

គួរឲ្យដឹងដែរថាមកដល់ពេលនេះពលរដ្ឋអាមេរិក ប្រមាណជា៥៨ភាគរយគឺទទួលបានវ៉ាក់សាំង យ៉ាងហោចណាស់១ ដូសរួចមកហើយ ប៉ុន្តែល្បឿនបានធ្លាក់ចុះបន្តិចប៉ុន្មាន សប្តាហ៍ចុងក្រោយមុន នឹងវាបានកើនឡើងខ្លាំងមកវិញ៕ ប្រែសម្រួល៖ស៊ុនលី


Most Popular

To Top