ព័ត៌មានអន្តរជាតិ

សកម្មជន​ នៅជប៉ុន ធ្វើការតវ៉ាប្រឆាំង សមយុទ្ធ អាមេរិក-កូរ៉េខាងត្បូង

បរទេស ៖ សកម្មជននៅជប៉ុន តាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មាន កូរ៉េខាងត្បូង បានប្រារព្ធធ្វើក្បួនដង្ហែ នៅខាងក្រៅស្ថានទូត សហរដ្ឋអាមេរិក ប្រចាំ ទីក្រុងតូក្យូ ដើម្បីតវ៉ាចំពោះសហសមយុទ្ធអាមេរិក-កូរ៉េខាងត្បូង ដែលនឹងប្រព្រឹត្ត ធ្វើឡើងនៅក្នុង ពេលខាងមុខនេះ ។

សកម្មជន ដែលមានទំនាក់ទំនង ជាមួយក្រុមគណៈកម្មការសម្រាប់ការអនុវត្តរួម លើសេចក្តីប្រកាសជំនួប កំពូលថ្ងៃទី១៥ មិថុនា ជាកិច្ចព្រមព្រៀង អន្តរកូរ៉េមួយចុះហត្ថលេខាក្នុងឆ្នាំ២០០០នោះ និងក្រុមដទៃទៀត បានប្រារព្ធធ្វើបាតុកម្ម រយៈពេល៣០នាទី នៅចម្ងាយ៦៥០ហ្វីត ពីបរិវេណស្ថានទូតអាមេរិក ។

តាមសេចក្តីរាយការណ៍ កាលដើមឡើង អ្នកតវ៉ាជាង៣០នាក់ បានចាប់ផ្តើមធ្វើក្បួនដង្ហែតវ៉ាពីចម្ងាយ តែ១៥នាទីក្រោយមក ក្រុមតវ៉ានោះ បានប៉ុនប៉ងដង្ហែក្បួនឆ្ពោះទៅកាន់ស្ថានទូតជាមួយការកាន់បដារ ដែលសរសេរថា “សហរដ្ឋអាមេរិកគួរតែឈប់ធ្វើសហសមយុទ្ធ និងបើកផ្លូវឲ្យមានកិច្ចពិភាក្សាគ្នាជាមួយកូរ៉េខាងជើង”។

ប៉ុន្តែនៅពេលដែលក្រុមតវ៉ាទំងនោះ បានធ្វើដំណើរទៅចំណុចមួយមានចម្ងាយប្រហែល៣៣០ហ្វីត ពីបរិវេណស្ថានទូត ក៏ត្រូវប៉ូលិសបិទផ្លូវពួកគេ និងប្រាប់ពួកគេឲ្យបំបែកគ្នា។

គួរបញ្ជាក់ថា ការតវ៉ានៅជប៉ុន ផ្តោតគោលដៅ លើសហសមយុទ្ធ ដែលសហរដ្ឋអាមេរិកធ្វើឡើងនៅក្នុងតំបន់ គឺជារឿងដ៏កម្រមានមួយ ហើយក្បួនតវ៉ាចុងក្រោយ ដែលថ្កោលទោស សមយុទ្ធយោធា បែបនេះនោះ គឺបានកើតមានឡើង នៅក្នុងឆ្នាំ២០១៧ ស្ថិតនៅខាងក្រៅស្ថានទូត៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top