ព័ត៌មានអន្តរជាតិ

អាមេរិក និងសម្ព័ន្ធមិត្ដ Quad នឹងបើកមហាសមយុទ្ធ កង​ទ័ពជើងទឹកជាថ្មី ម្ដងទៀត ផ្ដោតសំខាន់លើចិន

ញូវដេលី ៖ រដ្ឋាភិបាលឥណ្ឌា បានឲ្យដឹងថាសមយុទ្ធរួមគ្នាមួយ ដែលមានកងកម្លាំង ទ័ពជើងទឹកឥណ្ឌា អាមេរិក ជប៉ុន និងអូស្ត្រាលី ឬហៅកាត់ថាសម្ព័ន្ធមិត្ដ Quad នឹងត្រូវធ្វើឡើងនៅឆ្នាំនេះម្តងទៀត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

សមយុទ្ធដែលបានគ្រោងទុក ដែលត្រូវបានគេហៅថា ម៉ាឡាបា នឹងត្រូវបានធ្វើឡើង នៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច ហើយមានគោលបំណង រក្សាប្រទេសចិន ឱ្យស្ថិតក្នុងការត្រួតពិនិត្យ ចំពេលដែលការអះអាង របស់មហាអំណាច អាស៊ីមួយនេះ កាន់តែកើនឡើងនៅក្នុងដែន ទឹកក្នុងតំបន់។

យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានក្យូដូជប៉ុន បានឲ្យដឹងថា ការធ្វើសមយុទ្ធ កាលពីឆ្នាំមុន ដោយប្រទេសប្រជាធិបតេយ្យ ឥណ្ឌូ-ប៉ាស៊ីហ្វិកធំៗ ចំនួនបួនដែលត្រូវបានគេស្គាល់ថា Quad ត្រូវបានធ្វើឡើងនៅឈូងសមុទ្របេងហ្គាល់ និងសមុទ្រអារ៉ាប់។

ដោយឡែកឥណ្ឌា នឹងធ្វើសមយុទ្ធទ្វេភាគីជាមួយវៀតណាម ហ្វីលីពីន សិង្ហបុរី និងឥណ្ឌូនេស៊ី នៅក្នុងដែនទឹកដូចជាសមុទ្រ ចិនខាងត្បូង ដែលចិន បានធ្វើការអះអាង និងមានឥទ្ធិពល យ៉ាងទូលំទូលាយនៅទីនោះ។ កងទ័ពជើងទឹកឥណ្ឌា នឹងត្រូវបញ្ជូននៅខែនេះ សម្រាប់សមយុទ្ធ ដែលនឹងត្រូវធ្វើឡើង ក្នុងរយៈពេលប្រហែលពីរខែ។

រដ្ឋាភិបាលឥណ្ឌា បានដាក់ចេញផែនការ ដើម្បីជំរុញកិច្ច សហប្រតិបត្តិការយោធា ជាមួយប្រទេសជាមិត្ត ដើម្បីស្ថិរភាពនៃតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ការរៀបចំត្រូវបានធ្វើឡើង សម្រាប់ប្រទេសប្រជាធិបតេយ្យ ឥណ្ឌូ-ប៉ាស៊ីហ្វិក ទាំងបួនដើម្បីរៀបចំកិច្ចប្រជុំកំពូល នៅសហរដ្ឋអាមេរិក នៅចុងខែកញ្ញា៕

ដោយ ឈូក បូរ៉ា

Most Popular

To Top