ព័ត៌មានអន្តរជាតិ

ឥណ្ឌូនេស៊ី អបអរយុគសម័យថ្មី សម្រាប់ចំណងមិត្តភាពអាមេរិក និងធ្វើជាម្ចាស់ផ្ទះ នៃសហសមយុទ្ធយោធា ដ៏ធំបំផុត

បរទេស៖ក្រសួងការបរទេសឥណ្ឌូនេស៊ី បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ប្រទេសរបស់លោកស្រី បានចូលក្នុងយុគសម័យថ្មីមួយនៃចំណងមិត្តភាពទ្វេភាគី ជាមួយសហរដ្ឋអាមេរិក ស្របពេលដែលកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសទាំងពីរ បានចាប់ផ្តើមធ្វើសមយុទ្ធហ្វឹកហាត់រួមគ្នាដ៏ធំបំផុតមិនធ្លាប់មាន នៅក្នុងសប្ដាហ៍នេះ មានកងទ័ពចូលរួមចំនួន៣.០០០នាក់។

ថ្លែងពីទីក្រុងវ៉ាស៊ីនតោន ក្រោយជួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងមន្ត្រីអាមេរិកដទៃទៀតនោះ លោកស្រី Retno Marsudi បានសម្តែងការស្វាគមន៍ ចំពោះការពាក់ព័ន្ធបន្ថែមរបស់អាមេរិកក្នុងតំបន់ និងបានបង្ហាញនូវក្តីសង្ឃឹមដ៏ខ្លាំងក្លា សម្រាប់ចំណងមិត្តភាពកាន់តែជិតស្និទ្ធ ជាមួយរដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន។

ក្នុងនាមជាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ និងជាមហាអំណាចសេដ្ឋកិច្ចដ៏ធំបំផុតប្រចាំតំបន់អាស៊ីអាគ្នេយ៍នោះ ភាពជាដៃគូយុទ្ធសាស្ត្រដ៏រឹងមាំជាមួយឥណ្ឌូនេស៊ី នឹងផ្តល់នូវគុណតម្លៃដ៏សំខាន់បន្ថែម សម្រាប់ការចូលពាក់ព័ន្ធរបស់អាមេរិក នៅក្នុងតំបន់ នេះបើតាមសម្តីរបស់លោកស្រីរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី និយាយប្រាប់អ្នកសារព័ត៌មាន។

គួរបញ្ជាក់ថា នៅក្នុងពេលបច្ចុប្បន្ននេះ ប្រទេសឥណ្ឌូនេស៊ី កំពុងតែធ្វើការប្រយុទ្ធនឹងសន្ទុះកើនឡើង ក្នុងករណីឆ្លងនៃមេរោគកូរ៉ូណា ដែលកើនខ្លាំងឡើងតាំងពីខែកក្កដាមក ដោយមានកំណត់ត្រាករណីឆ្លងចំនួន៣,៥លានករណី និងស្លាប់ចំនួន១០០.០០០នាក់ ចាប់តាំងពីមានការរាតត្បាតឆ្លងមក៕ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top