បរទេស៖ ឧត្តមសេនីយ៍ Andika Perkasa មេបញ្ជាការកងទ័ពឥណ្ឌូនេស៊ី បានតស៊ូដើម្បីប្រព័ន្ធជ្រើសរើស ទាហានដោយយុត្តិធម៌ ស្មើភាពគ្នា សម្រាប់បុរសនិងស្ត្រី។ អង្គការឃ្លាំមើលសិទិ្ធមនុស្ស បានហៅការធ្វើតេស្តព្រហ្មចារីរបស់ ប្រទេសឥណ្ឌូនេស៊ីថា ជាការរំលោភបំពានគ្មានលក្ខណៈវិទ្យាសាស្ត្រនិងមានការរើសអើង។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា មេបញ្ជាការកងទ័ពឥណ្ឌូនេស៊ីលោក Andika Perkasa បានប្រកាសយ៉ាងច្បាស់ថា ព្រហ្មចារីនឹងលែងតម្រូវឱ្យមាន សម្រាប់ជាលក្ខណៈសម្បត្តិសម្រាប់ស្ត្រី ដើម្បីចូលរួមជាមួយកងទ័ពរបស់ប្រទេសឥណ្ឌូនេស៊ីទៀតហើយ
បន្ទាប់ពីដំណើរការអស់ជាច្រើនទសវត្សរ៍ កងទ័ពឥណ្ឌូនេស៊ីបានបញ្ចប់ ការធ្វើតេស្តព្រហ្មចារី ដោយប្រើ“ ម្រាមដៃពីរ” លូកចូល ដែលអនុញ្ញាតឱ្យគ្រូពេទ្យពិនិត្យថាតើស្ត្រីម្នាក់ជាព្រហ្មចារីមុន ពេលចូលរួមជាមួយកងកម្លាំង។
នៅក្នុងសន្និសីទតាមទូរសព្ទជាមួយមេបញ្ជាការយោធា នៅជុំវិញប្រទេសឥណ្ឌូនេស៊ី ឧត្តមសេនីយ៍ Perkasa បាននិយាយថា ការឆ្ពោះទៅមុខការជ្រើសរើសទាហាន នឹងត្រូវបានជ្រើសរើសដោយផ្អែកលើចំណេះ ដឹងការអប់រំ និងសមត្ថភាពទាក់ទងនឹងកម្លាំងរបស់ពួកគេ៕ប្រែសម្រួលៈ ណៃ តុលា