កាប៊ុល ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ថា អ្នកស្រុកបានឲ្យដឹងថា ក្រុមសកម្មប្រយុទ្ធតាលីបង់ កាលពីថ្ងៃអាទិត្យ បានដណ្តើមយកការគ្រប់គ្រងក្រុង Taluqan ខេត្ត Takhar ស្ថិតនៅភាគខាងជើង ប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីប៉ះទង្គិចគ្នា យ៉ាងខ្លាំងអស់ ជាច្រើនថ្ងៃមកនេះ ។
អ្នកស្រុកឈ្មោះ Mohammad Salim បានប្រាប់ដល់ស៊ិនហួ តាមទូរស័ព្ទថា “ក្រុមសកម្មប្រយុទ្ធតាលីបង់ បានគ្រប់គ្រង ការិយាល័យរដ្ឋទាំងអស់ កាលពីល្ងាចថ្ងៃអាទិត្យ នៅក្នុងក្រុង Taluqan ។ ពួកគេក៏បានបំបែកពន្ធនាគារខេត្ត និងបានដោះលែងអ្នកទោស” ។
គាត់បាននិយាយថា កងកម្លាំងសន្តិសុខ បានដកថយទៅកាន់តំបន់ជាច្រើនទៀត នៅឯជាយក្រុង ។
នៅគ្រានោះដែរ លោក Zabihullah Mujahid អ្នកនាំពាក្យរបស់ក្រុមតាលីបង់ បានសរសេរនៅក្នុងបណ្តាញសង្គមរបស់គាត់ថា តាលីបង់ បានគ្រប់គ្រងខេត្ត Takhar បន្ទាប់ពីបានដណ្តើមយករដ្ឋធានី កាលពីយប់ថ្ងៃអាទិត្យ ។ គាត់បាននិយាយថា ពលរដ្ឋក្នុងស្រុក ក្នុងនោះបូករួមទំាងពលរដ្ឋ ដែលធ្វើការឲ្យរដ្ឋាភិបាល អ្នកសារព័ត៌មាន និង សកម្មជន នៅក្នុងវិស័យផ្សេងៗគ្នា នឹងមានសុវត្ថិភាព ហើយពួកគេនឹង មិនប្រឈមមុខនឹងការគំរាម កំហែងណាមួយឡើយ ។
ក្រុមសកម្មប្រយុទ្ធ បានគ្រប់គ្រងស្រុកទាំងអស់ នៅក្នុងខេត្ត Takhar នៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ទន្ទឹមនឹងនេះដែរ ពួកគេបានប្រយុទ្ធ ដើម្បីដណ្តើមយកខេត្ត Taluqan និងដណ្តើមយមខេត្ត ទាំងមូលតែម្តង ។
ទីក្រុងជាច្រើនរបស់អាហ្វហ្គានីស្ថាន និងប្រមាណពាក់កណ្តាល នៃខេត្តទាំង៣៤របស់ប្រទេសអាហ្វហ្គានីស្ថាន ត្រូវបានគេមើល ឃើញថា មានសង្គ្រាមផ្ទុះឡើងយ៉ាងខ្លាំង និងមានការប្រយុទ្ធគ្នានៅតាមដងផ្លូវ នៅក្នុង សប្តាហ៍ថ្មីៗនេះ ខណៈដែលតាលីបង់ បានបន្តការប្រយុទ្ធរបស់ពួកគេ ប្រឆំាងនឹងងកងសន្តិសុខ ចាប់តាំងពីមានការដកកងទ័ព ដែលដឹកនាំដោយ សហរដ្ឋអាមេរិក នៅក្នុងខែឧសភា ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា