ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង និងអាមេរិកនឹងចាប់ផ្តើម សមយុទ្ធយោធា នៅថ្ងៃអង្គារ

បរទេស៖ទីភ្នាក់ងាសារព័ត៌មាន Yonhap បានរាយការណ៍នៅថ្ងៃចន្ទនេះថា ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នឹងចាប់ផ្តើមសមយុទ្ធយោធាដំបូង នៅក្នុងអង្គារសប្ដាហ៍នេះ បើទោះជាមានការព្រមានពីកូរ៉េខាងជើងថា សមយុទ្ធនឹងធ្វើឲ្យប៉ះពាល់ដល់ចំណងមិត្តភាព អន្តរកូរ៉េក៏ដោយ។

សមយុទ្ធ ដែលមានឈ្មោះថា ការបណ្ដុះបណ្ដាលបុគ្គលិកគ្រប់គ្រងវិបត្តិ គឺត្រូវបានគេបង្កើតឡើង ដើម្បីពិនិត្យមើលការត្រៀមលក្ខណៈរបស់សម្ពន្ធមិត្ត ក្នុងការឆ្លើយតបចំពោះរឿងរ៉ាវអាចកើតមានណាមួយ ហើយនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃសុក្រ មុនពេលផ្លាស់ប្តូរទៅជាសមយុទ្ធពេញទ្រង់ទ្រាយ ដែលគេគ្រោងធ្វើឡើងពីថ្ងៃទី១៦ដល់២៦ ខែសីហា។

ក្រសួងការពារជាតិនៃប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ពេលវេលា ទំហំនិងការបង្កើតឡើងនៃសមយុទ្ធនោះ គឺនៅមិនទាន់សម្រេចចុងក្រោយនៅឡើយទេ ចំណែកកងកម្លាំងអាមេរិកប្រចាំនៅកូរ៉េ បានបដិសេធមិនផ្តល់សេចក្តីអត្ថាធិប្បាយណាមួយនោះទេ ដោយសម្អាងដល់គោលនយោបាយរបស់ខ្លួន។

គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក ជាប្រក្រតីតែងតែប្រារព្ធធ្វើសមយុទ្ធយោធា ដែលជាចម្បងគឺនៅក្នុងនិទាឃរដូវនិងរដូវក្តៅ ប៉ុន្តែប្រទេសកូរ៉េខាងជើង អស់រយៈកាលជាច្រើនទសវត្សមកនេះ បានមានប្រតិកម្មខឹងសម្បារ ដោយហៅសមយុទ្ធទាំងនោះថា ជាការហាត់សមសង្គ្រាម៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top