ព័ត៌មានអន្តរជាតិ

ក្រោយដកកងទ័ព អាមេរិកថានៅបន្ដគាំទ្រដល់ អាហ្វហ្គានីស្ថាន ប៉ុន្ដែក្រុមតាលីបង់ មានឥទ្ធពលបង្កចលាចល កាន់តែខ្លាំង

វ៉ាស៊ីនតោន៖ មន្ទីរប៉ង់តាហ្គោន បានឲ្យដឹងថាយោធាអាមេរិក នឹងបន្តគាំទ្រដល់កងទ័ពអាហ្វហ្កានីស្ថាន ខណៈក្រុមសកម្មប្រយុទ្ធតាលីបង់ បានដណ្តើមបានទីក្រុងជាច្រើននៅចុងសប្តាហ៍នេះ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក John Kirby បានប្រាប់អ្នកយកព័ត៌មាន នៅក្នុងសន្និសីទកាសែតមួយថា ស្ថានភាពសន្តិសុខនៅអាហ្វហ្គានីស្ថាន ច្បាស់ជាមិនដើរក្នុងទិសដៅត្រឹមត្រូវនោះទេ។

លោកបានលើកឡើងថា“ យើងនឹងបន្តគាំទ្រពួកគេ ជាមួយអាជ្ញាធរ ដែលយើងមានកន្លែងណា និងពេលណាដែលអាចធ្វើទៅបាន ដោយយល់ថាវាមិនតែងតែអាចទៅរួចនោះទេ ប៉ុន្តែកន្លែងណា និងពេលណា ដែលអាចធ្វើទៅបាន យើងនឹងបន្តគាំទ្រពួកគេជាមួយការវាយប្រហារ តាមអាកាសជាឧទាហរណ៍” ។

រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថានលោក Shah Mahmood Qureshi បានលើកឡើងថាការដកទ័ពអាមេរិក និងណាតូ ចេញពីអាហ្វហ្គានីស្ថាន ដោយគ្មានការទទួលខុសត្រូវអាចផ្តល់ផលប្រយោជន៍ ដល់ក្រុមសកម្មប្រយុទ្ធនិងនាំឱ្យមានភាពចលាចលនៅក្នុងប្រទេស។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន មន្រ្តីរូបនេះបានអំពាវនាវឱ្យមានការដកទ័ពប្រកបដោយការទទួលខុសត្រូវ និងមានសណ្តាប់ធ្នាប់ ដោយមិនទុកកន្លែងទំនេរ សម្រាប់ក្រុមសកម្មប្រយុទ្ធដើម្បីបង្កអន្តរាយ និងបង្កើតស្ថានភាពវឹកវរ សម្រាប់តំបន់ឡើយ។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួបានឲ្យដឹងថា លោកក៏បានសម្តែងការព្រួយបារម្ភ ចំពោះករណីអំពើហឹង្សាកើនឡើងនៅអាហ្វហ្គានីស្ថានក្នុងអំឡុងពេលដំណើរការដកទ័ពអាមេរិក និងណាតូ។

លោក Qureshi បានកត់សម្គាល់ថា ដំណើរការសន្តិភាពអាហ្វហ្គានីស្ថាន កំពុងស្ថិតក្នុងដំណាក់កាលដ៏សំខាន់ ហើយមានតម្រូវការយ៉ាងខ្លាំងក្នុងការស្វែងរកដំណោះស្រាយ ដែលមានមូលដ្ឋាន និងទូលំទូលាយតាមរយៈដំណើរការដែលដឹកនាំដោយអាហ្វហ្គានីស្ថាន។

គូសបញ្ជាក់ពីការលះបង់របស់ប្រទេសខ្លួនដោយសារភាពចលាចលនៅអាហ្វហ្គានីស្ថាន មន្រ្តីប៉ាគីស្ថាន បានលើកឡើងថា ប៉ាគីស្ថាន គឺជាជនរងគ្រោះនៃសង្គ្រាមនៅប្រទេសជិតខាង។

លោកបានបញ្ជាក់ថា “តម្លៃដែលយើងបានលះបង់ត្រូវតែយល់។ យើងបានរងគ្រោះជិត ៨០,០០០ នាក់ ហើយយើងបានទទួលរងនូវការខាតបង់ផ្នែកសេដ្ឋកិច្ចយ៉ាងធំធេង ពិភពលោកមិនគួរបំភ្លេចរឿងនោះទេ”៕ដោយ ឈូក បូរ៉ា

Most Popular

To Top