ព័ត៌មានអន្តរជាតិ

យ៉ាងហោចណាស់ ស្លាប់១០នាក់ និងមនុស្សជាច្រើននាក់ កំពុងជាប់ ក្នុងល្បាប់ភក់ នៅឥណ្ឌា

ញ៉ូដេលី ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ថា យ៉ាងហោចណាស់ មនុស្ស១០នាក់បានស្លាប់ និងរាប់សិបនាក់ទៀត កំពុងជាប់នៅក្រោមគំនរ បាក់បែក បន្ទាប់ពីមានគ្រោះបាក់ដីកើតឡើង នៅក្នុងស្រុកហិមាល័យ នៅភាគខាងជើង នៃប្រទេសឥណ្ឌា ។

ផ្ទាំងថ្មដែលដួលរលំ បានធ្លាក់មកលើរថយន្តដឹកទំនិញ រថយន្តក្រុង និងរថយន្តផ្សេងទៀត ពីផ្លូវហាយវេស៍ ក្នុងរដ្ឋ Himachal Pradesh ។

ក្រុមមន្រ្តីនិយាយថា ប្រតិបត្តិការជួយសង្គ្រោះ កំពុងត្រូវបានរារាំងដោយដុំថ្ម ដែលកំពុងបន្តធ្លាក់។

គ្រោះបាក់ដីដែលបានសម្លាប់ មនុស្សជាច្រើននាក់បានវាយប្រហារ នៅប្រទេសឥណ្ឌា ក្នុងរយៈពេលប៉ុន្មានខែចុង ក្រោយនេះអំឡុងរដូវវស្សា ដែលកើតឡើងខុសពីធម្មតា ។

គ្រោះបាក់ដីកាលថ្ងៃពុធ បានកើតឡើង នៅលើផ្លូវហាយវេស័ មួយនៅក្នុងស្រុក Kinnaur មនុស្ស៥នាក់ ត្រូវបានជួយសង្គ្រោះ ប៉ុន្តែប្រហែល៣០នាក់ផ្សេងទៀត នៅតែជាប់គាំងនៅឡើយ ។

ប៉ូលិសព្រំដែនកំពុងចូលរួម ក្នុងកិច្ចប្រឹងប្រែងជួយសង្គ្រោះ ហើយកងកម្លាំងបានឆ្លើយតប ទៅនឹងគ្រោះមហន្តរាយជាតិ (NDRF) ត្រូវបានគេប្រកាស ឲ្យបង្កើនការប្រុងប្រយ័ត្ន ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top