បរទេស៖កងកម្លាំងប្រយុទ្ធពួកបះបោរតាលីបង់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន តាមសេចក្តីរាយការណ៍ កំពុងតែដណ្ដើមបានទឹកដីកាន់តែច្រើនឡើង ដោយនៅថ្ងៃព្រហស្បតិ៍ដណ្ដើមបានទីរួមខេត្តទី១០ ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ស្របពេលដែលកងកម្លាំងសហរដ្ឋអាមេរិក ជិតបញ្ចប់ការដកចេញពីប្រទេសនេះ។
ពួកតាលីបង់ បាននិយាយប្រាប់ថា កងកម្លាំងរបស់ខ្លួន បានចូលគ្រប់គ្រងលើទីលំនៅឋានរបស់អភិបាលខេត្ត ប៉ុស្តិ៍ប៉ូលិស និងពន្ធនាគារ នៅក្នុងខេត្ត Ghazni និងដណ្ដើមបានតំបន់ជាច្រើន នៅក្នុងទីក្រុង Uruzgan ដែលជាទីរួមខេត្ត Uruzgan ។
ជ័យជំនះយោធាតាលីបង់ថ្មីនេះ ផ្តល់ឲ្យក្រុមបះបោរនូវទីរួមខេត្តប្រហែលមួយភាគបី ក្នុងចំណោមទីរួមខេត្តចំនួន៣៤ក្នុងប្រទេសអាហ្វហ្គានីស្ថាន ហើយក្រុមនេះក៏បានអះអាងបានគ្រប់គ្រងពន្ធនាគារ ក្នុងខេត្ត Kandahar និងប៉ុស្តិ៍ប៉ូលិសមួយក្នុងទីក្រុង Lashkar Gah ជាទីរួមខេត្ត Helmand។
គួរបញ្ជាក់ថា តាមសេចក្តីរាយការណ៍ ខេត្ត Ghazni គឺជាខេត្តទី១០ ដែលបានធ្លាក់ចូលក្នុងកណ្ដាប់ដៃរបស់ពួកបះបោរតាលីបង់ ក្នុងពេលសប្ដាហ៍មុន ស្របពេលដែលក្រុមសកម្មប្រយុទ្ធបះបោរនេះ ប៉ុនប៉ងវាយលុកឆ្ពោះទៅទីក្រុងកាប៊ុល៕