ព័ត៌មានអន្តរជាតិ

អាមេរិក​ បញ្ជូនឧទ្ធម្ភាគចក្រ Chinook ពីរគ្រឿង ទៅជួយតួកគី ពន្លត់ភ្លើងឆេះព្រៃ

បរទេស ៖ ឧទ្ធម្ភាគចក្រ CH-47 Chinook របស់សហរដ្ឋអាមេរិកចំនួនពីរគ្រឿង បានធ្វើដំណើរទៅដល់ប្រទេសតួកគី ដើម្បីជួយដល់ប្រទេសនេះ ក្នុងការពន្លត់ភ្លើងឆេះព្រៃ ដ៏ធំមួយក្នុងប្រទេស នេះបើយោងតាមសេចក្តីរាយ ការណ៍មួយ ដែលចេញផ្សាយ ដោយកាសែត UPI ។

យោងតាមសេចក្តីថ្លែង ការណ៍មួយ ធ្វើឡើងដោយឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅប្រទេសតួកគី លោក David M. Satterfield បានឲ្យដឹងថា ឧទ្ធម្ភាគចក្ររួមជា មួយបុគ្គលិកចំនួន១៨នាក់ បានធ្វើដំណើរទៅដល់ អាកាសយានដ្ឋាន Dalaman ក្នុងទីក្រុង Mugla ស្ថិតនៅភាគនរតីនៃប្រទេសតួកគី កាលពីថ្ងៃសុក្រម្សិលមិញនេះ ។

សេចក្តីថ្លែងការណ៍ របស់ឯកអគ្គរដ្ឋទូតអាមេរិកនោះ តាមសេចក្តីរាយការណ៍ បានសង្កត់ធ្ងន់ លើចំណងមិត្តភាពដ៏រឹងមាំ រវាងសហរដ្ឋអាមេរិក និងប្រទេសតួកគី ដែលខ្លួនបានកត់សម្គាល់ថា បានជួយសហរដ្ឋអាមេរិក ដោយផ្តល់ឲ្យនូវឧបករណ៍ការពារ កាលពីមុន ក្នុងដំណើររាតត្បាត នៃជម្ងឹកូវីដ១៩ ។

គួរបញ្ជាក់ថា ដោយចាប់ផ្តើម នៅចុងខែកក្កដា ភ្លើងឆេះព្រៃបានរាលដាល នៅក្នុងប្រទេសតួកគី ស្របពេលប្រទេសនេះ បានឆ្លងកាត់លក្ខខណ្ឌ អាកាសធាតុក្តៅនិងស្ងួតប្លែក ហើយគិតត្រឹមសប្ដាហ៍មុន ភ្លើងឆេះបានឆេះព្រៃអស់៩៥.១០១,១៣ហិកតា៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top