ព័ត៌មានអន្តរជាតិ

ថ្ងៃនេះប្រេស៊ីល មានអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ ជិត ១០០០នាក់

រីយ៉ូ ៖ ប្រភពពីក្រសួងសុខាភិបាល បានឲ្យដឹងថា ប្រទេសប្រេស៊ីលបានចុះបញ្ជីការ ស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន ៩៦៦ នាក់បន្ថែមទៀតក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលធ្វើឱ្យចំនួនអ្នកស្លាប់ នៅទូទាំងប្រទេសកើន ឡើងដល់ ៥៦៧,៨៦២ នាក់។

ក្រសួងសុខាភិបាល ប្រេស៊ីលបានឲ្យដឹងថា ករណីឆ្លងសរុបបានកើនឡើងដល់ ២០,៣១៩,០០០ ករណី បន្ទាប់ពីករណីឆ្លងថ្មីចំនួន ៣៣,៩៣៣ ករណីត្រូវបានរកឃើញ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

ក្រសួងសុខាភិបាលនៃប្រេស៊ីល ក៏បានរាយការណ៍ផងដែរថា មនុស្សចំនួន ១៩,១៧៣,៩១៧ នាក់ បានជាសះស្បើយពីជំងឺរាតត្បាតមួយនេះ ហើយប្រទសអាមេរិក ខាងត្បូងមួយនេះ កំពុងរងគ្រោះដោយរលកឆ្លងថ្មី ដែលមន្ទីរពេទ្យពោរពេញ ទៅដោយអ្នកជំងឺកូវីដ-១៩។

គួរបញ្ជាក់ថា បច្ចុប្បន្នប្រេស៊ីល មានចំនួនអ្នកស្លាប់ ដោយសារជំងឺរាតត្បាតខ្ពស់បំផុតលំដាប់ទី ២ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងជាប្រទេស ដែលមានករណីឆ្លងធំជាងគេទី៣ បន្ទាប់ពីសហរដ្ឋអាមេរិក និងឥណ្ឌា ៕ដោយ ឈូក បូរ៉ា

Most Popular

To Top