បរទេស ៖ អង្គការឱសថរដ្ឋាភិបាល (GPO) បានពន្យារពេលការទិញ ឧបករណ៍តេស្ត អង់ទីហ្សែនចំនួន ៨,៥ លាន ដែលនីមួយៗមានតម្លៃ ៧០ បាត ដើម្បីធ្វើតេស្តគុណភាព របស់ពួកគេ បន្ទាប់ពីសមត្ថភាព របស់ឧបករណ៍ក្នុងការ រកឃើញការឆ្លងមេរោគ Covid-19 ត្រូវបានគេសង្ស័យ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា លោកវេជ្ជបណ្ឌិត Kiatiphum Wongrajit លេខាធិការអចិន្ត្រៃយ៍ សម្រាប់សុខភាព និងជាប្រធាន GPO បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា អង្គការមួយបានសម្តែង ការព្រួយបារម្ភរបស់ខ្លួន អំពីគុណភាពនៃឧបករណ៍ ដែលបានជ្រើសរើស នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ ។ ដូច្នេះ GPO និងរដ្ឋបាលចំណីអាហារ និងឱសថ នឹងពិនិត្យយ៉ាងហ្មត់ ចត់អំពីគុណភាពរបស់វា (ឧបករណ៍តេស្តរកវីរុស) ជាមុនសិន។
លោកវេជ្ជបណ្ឌិត Kiatiphum បាននិយាយថា មន្ទីរពេទ្យ Rajavithi បានស្នើសុំឱ្យ អង្គការឱសថរដ្ឋាភិបាល (GPO) ទិញឧបករណ៍តេស្តអង់ទីហ្សែនចំនួន ៨,៥ លានជាបន្ទាន់ ដើម្បីអាចឱ្យវាធ្វើការធ្វើតេស្ត រកមេរោគកូវីដ ១៩ ។ មន្ទីរពេទ្យនិងការិយាល័យសន្តិសុខសុខភាពជាតិ ក៏បានកំណត់នូវតម្រូវការ ជាក់លាក់នៃឧបករណ៍ ធ្វើតេស្តផងដែរ ។
ការពន្យារពេលទីញនេះ បានកើតឡើងបន្ទាប់ពីសេចក្តីថ្លែងការណ៍ របស់សមាគមគ្រូពេទ្យជនបទ កាលពីថ្ងៃព្រហស្បតិ៍ថា GPO បានផ្អែកលើការ ជ្រើសរើសលើតម្លៃ ដោយមិនមែនអាស្រ័យ លើគុណភាព និងភាពត្រឹមត្រូវនៃឧបករណ៍ តេស្តនោះទេ៕ប្រែសម្រួលៈ ណៃ តុលា