ប៉េកាំង ៖ សមយុទ្ធយោធារួមគ្នា រវាងចិន និងរុស្ស៊ី ដែលមានឈ្មោះ ថា ZAPAD/INTERACTION-2021 បានបញ្ចប់នៅថ្ងៃសុក្រម្សិលមិញ នេះនៅតំបន់ស្វយ័ត Ningxia Hui ភាគពាយ័ព្យប្រទេសចិន ដោយជោគជ័យ នៅចំពោះមុខភាពតានតឹង ជាមួយអាមេរិក។
សមយុទ្ធបួនដំណាក់ កាលត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃសុក្រ និងមានការចូលរួមពីបុគ្គលិក សេវាកម្មជាង ១០,០០០ នាក់ និងអាវុធយុទ្ធភ័ណ្ឌសំខាន់ៗ រួមទាំងយន្តហោះចម្បាំង កាំភ្លើងធំ និងរថពាសដែក នៃម៉ូដែលផ្សេងៗគ្នាជាច្រើន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
រដ្ឋមន្ត្រីការពារជាតិចិនលោក Wei Fenghe និងសមភាគីរុស្ស៊ីលោក Sergei Shoigu បានសង្កេត ឃើញសមយុទ្ធនេះ និងបានជួបពិភាក្សាគ្នា នៅថ្ងៃបន្ទាប់នេះ។ លោក Wei បានលើកឡើងថា កងកម្លាំងប្រដាប់ អាវុធចិន និងរុស្ស៊ី បានគាំទ្រគ្នាទៅវិញទៅមក នៅពេលប្រឈមមុខនឹង ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបង្ហាញពីការអភិវឌ្ឍ ទំនាក់ទំនងកម្រិតខ្ពស់រវាងកងទ័ពទាំងពីរ ។
លោកបានលើកឡើងថា យោធាទាំងពីរគួរតែបង្កើនការ សម្របសម្រួលយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងជាក់ស្តែង ដើម្បីរួមចំណែកកាន់តែច្រើន ក្នុងការកសាងសហគមន៍ ដែលមានអនាគតរួមគ្នា សម្រាប់មនុស្សជាតិ និងការពារសន្តិភាព និងស្ថិរភាពពិភពលោក។
លោក Shoigu បានឲ្យដឹងផងដែរថា ប្រទេសរុស្ស៊ី មានឆន្ទៈបង្កើនទំនាក់ទំនង ជាយុទ្ធសាស្ត្រជាមួយចិន ធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការលើវិស័យ ដូចជាការប្រឆាំងភេរវកម្ម និងធ្វើការរួមគ្នា ដើម្បីការពារសន្តិភាព និងស្ថិរភាពក្នុងតំបន់៕
ដោយ ឈូក បូរ៉ា