កាប៊ុល៖ ក្រុមតាលីបង់ ដែលកំពុងប្រយុទ្ធដើម្បីដណ្តើមអំណាច នៅអាហ្វហ្គានីស្ថានវិញ បន្ទាប់ពីតស៊ូរយៈពេល ២០ ឆ្នាំមកហើយនោះ ត្រូវបានគេរាយការណ៍ថា បានដណ្តើមបានទីក្រុងធំជាងគេទី ២ គឺទីក្រុងកាន់ដាហា និងទីក្រុងធំជាងគេទី ៣ ហេរ៉ាត ខណៈដែលក្រុមបះបោរអ៊ីស្លាម នៅតែបន្តវាយលុកនៅរដ្ឋធានីកាប៊ុល។
សារព័ត៌មានអ៊ីស្លាមអាហ្វហ្គានីស្ថាន និងបណ្តាញសារព័ត៌មានលោកខាងលិចជាច្រើន នៅថ្ងៃសុក្រម្សិលមិញនេះ បានរាយការណ៍ពីការដួលរលំ នៃមជ្ឈមណ្ឌលពាណិជ្ជកម្មនៅភាគខាងត្បូង និងខាងលិច ដែលជាយុទ្ធសាស្ត្រ ដែលនាំឱ្យចំនួននៃខេត្តចំនួន ៣៤ របស់ប្រទេសនេះ ដែលត្រូវបានវាយយកមកតាំងពីសប្តាហ៍មុន ដល់ជាង ១២ខេត្ដហើយ ។
ក្រុមតាលីបង់ បានដណ្តើមយកទីស្នាក់ការកណ្តាល ខេត្តកាន់ដាហា ហ្គ័រ និងបាដជីស ដោយគ្មានការប្រឆាំងពីកងកម្លាំងអាហ្វហ្គានីស្ថានឡើយ នៅយប់ថ្ងៃព្រហស្បតិ៍កន្លងទៅ នេះបើតាមប្រភពព័ត៌មានបានប្រាប់ AIP ដែលឲ្យដឹងថា កម្លាំងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន បានដកថយចេញពីទីក្រុង ដោយគ្មានការប្រយុទ្ធឡើយ។
ទីភ្នាក់ងារសារព័ត៌មាន Associated Press កាលពីថ្ងៃសុក្រដោយដកស្រង់សម្តីមន្រ្តីអាហ្វហ្គានីស្ថាន បានរាយការណ៍ថា ក្រុមតាលីបង់ក៏បានដណ្តើមបានទីក្រុង Lashkar Gah ដែលជារដ្ឋធានីនៃខេត្ត Helmand ភាគខាងត្បូងប្រទេស ហើយបានចូលទៅក្នុងទីក្រុង Feroz Koh ដែលជារដ្ឋធានីនៃខេត្តហ្គ័រ ភាគខាងលិចប្រទេស ខណៈដែលក្រុមតាលីបង់ បានអះអាងថា បានកាន់កាប់ទីក្រុង Qala-e Naw ដែលជារដ្ឋធានីនៃខេត្តបាដជីស ភាគខាងលិចប្រទេស។
ការលេចចេញជាថ្មីរបស់តាលីបង់ កើតឡើងស្របពេលដែលរដ្ឋបាលប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ព្យាយាមដកកម្លាំងយោធាអាមេរិកនៅអាហ្វហ្កានីស្ថាន ដើម្បីបញ្ចប់នូវអ្វីដែលគេហៅថា“ សង្គ្រាមដ៏វែងបំផុតរបស់អាមេរិក” ។
ជាពិសេសការបាត់បង់ទីក្រុងកាន់ដាហា ដែលធ្លាប់ជាបន្ទាយរបស់តាលីបង់ គឺជាការប៉ះទង្គិចដ៏ធំមួយដល់រដ្ឋាភិបាលអាហ្វហ្គានីស្ថាន ដែលគាំទ្រដោយសហរដ្ឋអាមេរិក។
នៅចំពោះមុខស្ថានការណ៍សន្តិសុខ កាន់តែយ៉ាប់យ៉ឺននៅក្នុងប្រទេសនេះ មន្ទីរប៉ង់តាហ្គោន បានឲ្យដឹងថា ខ្លួនកំពុងបញ្ជូនកងទ័ពចំនួន ៣,០០០ នាក់បន្ថែមទៀត ដើម្បីធានាសុវត្ថិភាពបុគ្គលិកស្ថានទូតអាមេរិក និងជួយសម្រួលដល់ការចាកចេញរបស់អាហ្វហ្គានីស្ថាន ក្រោមកម្មវិធីទិដ្ឋាការអន្តោប្រវេសន៍ពិសេស៕
ដោយ ឈូក បូរ៉ា