ក្រុមបាតុករថៃប្រមាណ ១០០ នាក់ នៃក្រុមថាលូហ្វា បានបង្ហាញខ្លួននៅផ្លូវបំបែករ៉ាតប្រាសុង នៅវេលាម៉ោងប្រហែល ៣.៣០ នាទីរសៀល ក្នុងគោលបំណងដើម្បីទាមទារឱ្យនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែង ព្រោះតែលោកអសមត្ថភាពគ្រប់គ្រងជំងឺកូវីដ១៩ នៅក្នុងប្រទេស។ នេះបើតាមប្រភពព័ត៌មាន Bangkok Post ថ្ងៃទី ១៧ សីហា ២០២១។


ក្រុមបាតុករប្រឆាំងរដ្ឋាភិបាល បានប្រមូលផ្តុំគ្នាម្តងទៀត នៅម៉ោងប្រមាណ ៣រសៀលម្សិលមិញនេះ ដោយគប់ម្សៅពណ៌ផ្កាឈូក ចូលទៅខាងក្នុងការិយាល័យមន្ត្រីប៉ូលិសថៃ ដែលជាគោលដៅ របស់ក្រុមបាតុករ នៅថ្ងៃអង្គារនេះ ក្រោយពីពួកគេមានប្រតិកម្ម ចំពោះការបង្ក្រាប យ៉ាងឃោរឃៅ របស់មន្ត្រីប៉ូលិស។

នៅក្នុងការធ្វើបាតុកម្ម នាថ្ងៃអង្គារនេះ ក្មេងប្រុស៣នាក់ ដែលមានអាយុពី ១៤ ទៅ ១៦ ឆ្នាំ ត្រូវបានបាញ់ ក្នុងពេលប៉ះទង្គិចគ្នា នៅឯឌីនឌាំង (Din Daeng) និងកាលពីយប់ថ្ងៃច័ន្ទ ក្មេងអាយុ ១៥ ឆ្នាំម្នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ មន្ត្រីប៉ូលីសបានបដិសេធថា មិនបានប្រើការបាញ់រះ ដោយផ្ទាល់ទៅលើក្រុមអ្នកតវ៉ាឡើយ ដោយបានបញ្ជាក់ថា ឧបករណ៍ការពាររបស់យើង គឺប្រើកាំភ្លើងបាញ់ទឹកដើម្បីបញ្ឈប់ពួកគេប៉ុណ្ណោះ។

នៅម៉ោង ៥ ល្ងាច ប៉ូលីសត្រូវបានកេណ្ឌ ដើម្បីការពារស្ថានីយ៍ប៉ូលីស Din Din មុនពេលដែលក្រុមបាតុករ បានបះបោរនៅផ្លូវបំបែក Din Daeng ដែលជាកន្លែងប៉ះទង្គិចគ្នាកាលពីថ្ងៃសៅរ៍។ នៅវេលាម៉ោង ៦.៥០ នាទីល្ងាចក្រុមបាតុករដែលភាគច្រើនបានជិះម៉ូតូ មកប្រមូលផ្តុំគ្នានៅឯឌីនដាង ដែលចំនួនរបស់ពួកគេបានកើនឡើងនៅម៉ោង ៨ យប់។

ក្រុមបាតុករ បានគប់កាំជ្រួច និងតម្រង់កាំរស្មីឡាស៊ែទៅប៉ូលីស ដើម្បីធ្វើឱ្យពួកគេពិបាក ក្នុងការបាញ់ឧស្ម័នបង្ហូរទឹកភ្នែក បាតុករខ្លះបានលាក់ខ្លួននៅពីក្រោយរបង ហើយបានគប់កាំជ្រួចដាក់ប៉ូលិស។ ក្រុមបាតុករផ្សេងទៀតជិះម៉ូតូបានប្រមូលផ្តុំគ្នានៅផ្លូវបំបែក Pracha Songkroh នៅម៉ោងប្រហែល ៩ យប់ រហូតដល់ប៉ូលីសបានទៅដល់ចំនុចប្រសព្វនៅប្រហែលម៉ោង ៩.២០ នាទីយប់ ក្រុមបាតុករទាំងនោះ ក៏បានជិះម៉ូតូរត់គេចខ្លួនបាត់អស់ ៕ប្រភព៖http://sabay
