យន្តហោះយោធា របស់អាល្លឺម៉ង់ទី១ បានចុះចតនៅទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន ចាប់តាំងពីក្រុមតាលីបង់ ដណ្តើមបានអំណាច ក្នុងប្រតិបត្តិការជម្លៀស មន្ត្រីនិងប្រជាជនអាល្លឺម៉ង់ ចេញពីប្រទេសនេះ ។ បន្ទាប់ពីចុះចតនៅទីក្រុងកាប៊ុល យន្តហោះយោធា របស់អាល្លឺម៉ង់ ជម្លៀសមនុស្សបានតែ ៧ នាក់ប៉ុណ្ណោះ ដោយសារស្ថានភាពវឹកវរ នៅអាកាសយានដ្ឋាន ក្នុងប្រទេសអាហ្វហ្គានីស្ថាន។
ប្រទេសអាឡឺម៉ង់ ជាប្រទេស ដែលមានយោធាច្រើនជាងគេលំដាប់ទី ២ នៅអាហ្វហ្កានីស្ថាន បន្ទាប់ពីសហរដ្ឋអាមេរិក។ អាល្លឺម៉ង់ ចង់ជម្លៀសជនជាតិអាហ្វហ្កានីស្ថាន រាប់ពាន់នាក់ ក្នុងនោះមានដូចជា សកម្មជនសិទ្ធិមនុស្ស មេធាវី និងអ្នកធ្វើការជាមួយកងកម្លាំងបរទេស។ នេះបើតាមការឱ្យដឹងពីសារព័ត៌មាន CNA ។
អ្នកនាំពាក្យក្រសួងការបរទេសអាល្លឺម៉ង់ បានឱ្យដឹងថា មានមនុស្សតែ ៧ នាក់ប៉ុណ្ណោះ ដែលបានជម្លៀសចេញ ពីប្រទេសអាហ្វហ្គានីស្ថាន។ មូលហេតុ ដោយសារតែយន្តហោះ ត្រូវចាកចេញយ៉ាងលឿន ឆាប់រហ័សបំផុត ហើយជនជាតិ អាល្លឺម៉ង់ដទៃទៀត មិនអាចចូលទៅ ក្នុងអាកាសយានដ្ឋានទីក្រុងកាប៊ុល ដោយគ្មានការការពារ ពីទាហាន អាល្លឺម៉ង់បាននោះទេ ៕