អាមេរិក៖សត្វសេះព្រៃរាប់រយត្រូវបាន ប្រមូលផ្តុំគ្នានៅកណ្តាលខាងលិច ខណៈរដ្ឋាភិបាលបង្ខំពួកវាចូល ទៅក្នុងទីវាលដើម្បីអភិរក្សប្រព័ន្ធអេកូឡូស៊ីនៅពេលគ្រោះរាំងស្ងួតបានគ្របដណ្តប់ក្នុងតំបន់ ប៉ុន្តែអ្នកតស៊ូមតិសត្វនិយាយថា វាជាលេសក្នុងចាប់ពួកវាចេញ ដើម្បីធ្វើឲ្យមានកន្លែងទំនេរច្រើនសម្រាប់ហ្វូងគោស៊ីស្មៅ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
ទោះបីជាមន្រ្តីនិយាយថា វាបានធ្វើដើម្បីជួយដល់តំបន់នេះក៏ដោយ ក៏អ្នកផ្សេងទៀតកំពុងរិះគន់ការសម្រេចចិត្តនេះដោយនិយាយថា វាកំពុងធ្វើដើម្បីជួយគោ និងក្របីទេ។ លោក Terry Messmer សាស្រ្តាចារ្យនៅសាកលវិទ្យាល័យUtah State ដែលសិក្សាពីការគ្រប់គ្រងសេះព្រៃបាននិយាយថា អ្វីដែលឃើញនៅភាគខាងលិចផ្តល់នូវការយល់ដឹងខ្លះអំពីបទដ្ឋានថ្មីមួយ។
សេះព្រៃកំពុងត្រូវបានប្រមូលផ្តុំដោយជំនួយពីឧទ្ធម្ភាគចក្រ ខណៈរាំងស្ងួតបានធ្វើឲ្យកម្រិតទឹកនៅក្នុងតំបន់នេះធ្លាក់ចុះយ៉ាងឆាប់រហ័សដោយសារតែការប្រែប្រួលអាកាសធាតុ។ កាលពីដើមខែនេះមន្រ្តីបាននិយាយថា កម្រិតទឹកនៅបឹងPowellនៅព្រំប្រទល់រដ្ឋយូថាហ៍-អារីហ្សូណាបានធ្លាក់ចុះ ៥០ ហ្វីតពីឆ្នាំមុន។
កម្រិតទឹកនៅទំនប់Hoover បានធ្លាក់ដល់កម្រិតទាបបំផុតមិនធ្លាប់មានក្នុងខែមិថុនាឈានដល់កម្រិត ១.០៧១.៦១ ហ្វីតដែលជាកម្រិតទាបបំផុតចាប់តាំងពីការរក្សាកំណត់ត្រាបានចាប់ផ្តើមនៅទសវត្សឆ្នាំ ១៩៣០ ។ បន្ថែមពីលើបឹងទាំង២នេះទឹកផ្សេងទៀតនៅអាមេរិកក៏បានឡើងដល់កម្រិតទាបបំផុតរួមទាំង Great Salt Lake បានឈានដល់កម្រិតទាបបំផុតចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមនៅឆ្នាំ ១៨៤៧ កាលពីខែមុន។
បឹង Oroville រដ្ឋកាលីហ្វ័រញ៉ាអាចនឹងធ្លាក់ចុះដល់កម្រិតទាបជាប្រវត្តិសាស្ត្រនៅចុងខែនេះ បើទោះបីជាអាងស្តុកទឹករបស់រដ្ឋជាធម្មតាឈានដល់កម្រិតសមត្ថភាព ៥០ ភាគរយក្នុងកំឡុងពេលនេះក៏ដោយ។ មន្រ្តីរដ្ឋាភិបាលត្រូវចាប់ផ្តើមបញ្ចេញទឹកពីប្រភពខាងលើកាលពីខែមុនដើម្បីរក្សាកម្រិតបឹងពីការធ្លាក់ចុះទាបវានឹងគំរាមកំហែងដល់វារីអគ្គិសនីដែលផ្គត់ផ្គង់ដោយទំនប់។
ក្រុមអ្នកស្រាវជ្រាវបាននិយាយនៅខែមេសាឆ្នាំ ២០២០ ថា គ្រោះរាំងស្ងួតកំពុងកើតឡើងនៅទូទាំងភាគខាងលិចសហរដ្ឋអាមេរិកទើបតែបង្កើតឡើងថ្មីៗនេះ វាផ្សារភ្ជាប់ទៅនឹងការប្រែប្រួលអាកាសធាតុ ហើយអាចនឹងអាក្រក់បំផុតដែលបានវាយប្រហារតំបន់នេះក្នុងរយៈពេលប្រហែល ១២០០ ឆ្នាំ៕