បរទេស ៖ សមាជិកព្រឹទ្ធសភា មកពីគណបក្សសាធារណរដ្ឋចំនួន ២៥ នាក់ បានសរសេរលិខិត មួយច្បាប់ ផ្ញើទៅកាន់រដ្ឋមន្ត្រីការពារជាតិ អាមេរិកលោក Austin Lloyd ដោយទាមទារឱ្យគណនេយ្យករ រដ្ឋបាលរបស់លោក ចូ បៃដិន ទៅលើឧបករណ៍យោធា អាមេរិក ដែលឧបត្ថម្ភ ដោយអ្នកបង់ពន្ធ ដែលឥឡូវនេះត្រូវបានក្រុមតាលីបង់ រឹបអូស ។ ក្រុមបះបោរ បានប្រកាសរួចហើយថា ជា រដ្ឋអ៊ីស្លាមអេមីរ៉ាត អាហ្វហ្កានីស្ថាន បន្ទាប់ពីបានដណ្តើម បានទឹកដីភាគច្រើន រួមទាំងរដ្ឋធានី កាប៊ុលផង ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា សមាជិកព្រឹទ្ធសភាគណបក្ស សាធារណរដ្ឋបានសរសេរថា “ នៅពេលយើងមើលរូបភាព ដែលចេញពីអាហ្វហ្គានីស្ថាន នៅពេលដែលពួកតាលីបង់ ដណ្តើមយកប្រទេសមកវិញ យើងមានការ រន្ធត់ចិត្តយ៉ាងខ្លាំង ដែលឃើញឧបករណ៍ របស់អាមេរិករួមទាំង UH-60 Black Hawks នៅក្នុងដៃ របស់តាលីបង់” ។
របាយការណ៍បានហូរចេញ ពីប្រទេស ដែលហែកហួរ ដោយសង្រ្គាម អំពីរបៀប ដែលក្រុមភេរវករចាប់បាន មិនត្រឹមតែអាវុធនិងគ្រាប់រំសេវ ដោយកងទ័ពអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឧទ្ធម្ភាគចក្រ និងរថពាសដែកធុនធ្ងន់ ទៀតផង។
លិខិតដែលត្រូវបានចុះហត្ថលេខា ដោយសមាជិកព្រឹទ្ធសភា Bill Cassidy, Marco Rubio និងគណបក្ស សាធារណរដ្ឋ ២៣ នាក់ផ្សេងទៀត បានស្វែងរកព័ត៌មានពេញលេញ នៃឧបករណ៍យោធា ដែលបានផ្តល់ដល់កងកម្លាំង ប្រដាប់អាវុធអាហ្វហ្គានីស្ថាន កាលពីឆ្នាំមុន ៕ប្រែសម្រួលៈ ណៃ តុលា