ប្រទេសថៃរកឃើញករណីវិជ្ជមានកូវីដ-១៩លើសពី ១លានករណីហើយនៅពេលនេះ។ គិតត្រឹមល្ងាចថ្ងៃសុក្រ ប្រទេសជាប់ព្រំដែនជាមួយកម្ពុជាមួយនេះ រកឃើញករណីសរុបចំនួន ១,០០៩,៧១០ករណី។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand។
ករណីវិជ្ជមានដ៏ច្រើននេះធ្វើឱ្យប្រទេសថៃ ជាប្រទេសជាប់ដងទន្លេមេគង្គដំបូងគេ ដែលរកឃើញ ១លានករណី ខណៈនៅតំបន់អាស៊ានវិញប្រទេសចំនួន ៣ផ្សេងទៀតដែលមានលើសពី ១លានករណីរួមមាន ឥណ្ឌូណេស៊ី (ក្បែរ ៤លានករណី) ហ្វីលីពីន (១លាន ៧សែនករណី) និងម៉ាឡេស៊ី (ប្រមាណ ១លាន ៥សែនករណី)។
យោងតាមប្រភពខាងលើ ប្រទេសថៃរកឃើញ ៩៨ម៉ឺនករណីវិជ្ជមានកូវីដ-១៩ ត្រឹមតែរយៈពេលជាង ៥ខែប៉ុណ្ណោះ ពោលគឺចាប់តាំងពីថ្ងៃទី១ ខែមេសា រហូតដល់ថ្ងៃទី២០ ខែសីហា។
ចំណោមករណីវិជ្ជមានទាំងអស់នៅថៃ មានវ៉ារ្យង់ដែលតា (មានដើមកំណើតមកពីឥណ្ឌា) ប្រមាណ ៧៨.២% វ៉ារ្យង់អាល់ហ្វា (អង់គ្លេស) មានប្រមាណ ២១.២% និងវ៉ារ្យង់បេតា (អាហ្វ្រិកខាងត្បូង) ប្រមាណ ០.៦%។ នេះបើតាមការវិភាគរបស់ក្រសួងសុខាភិបាលថៃ ដែលចុះផ្សាយនៅសារព័ត៌មាន Bangkok Post។
ចំនួនអ្នកចាក់វ៉ាក់សាំងនៅថៃវិញ គិតមកទល់ពេលនេះ ប្រជាជនប្រមាណ ២០លាននាក់ចំណោមក្បែរ ៧០លាននាក់ទទួលបានវ៉ាក់សាំងកូវីដ-១៩៕ប្រភព៖http://sabay