បរទេស ៖ យោធាសហរដ្ឋអាមេរិក នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា យន្តហោះចម្បាំងមួយគ្រឿង មកពីកងកម្លាំងចម្រុះដឹកនាំដោយអាមេរិក បានបាញ់ទម្លាក់កូនដ្រូនមួយគ្រឿង នៅក្នុងប្រទេស ស៊ីរីភាគខាងកើត កាលពីថ្ងៃសៅរ៍ បន្ទាប់ពីកូនដ្រូននោះ ត្រូវបានគេចាត់ថា ជាការគម្រាមកំហែង ។
លោកវរសេនីយ៍ឯកកងទ័ពអាមេរិក Wayne Marotto ជាអ្នកនាំពាក្យកងកម្លាំងចម្រុះ បានមានប្រសាសន៍យ៉ាងដូច្នេះថា យន្តហោះរបស់កងកម្លាំងចម្រុះ បានចូលរួមយ៉ាងជោគជ័យ និងបាញ់ទម្លាក់កូនដ្រូនមួយគ្រឿង ដោយវាយប្រហារពីអាកាស ទៅអាកាស នៅតំបន់ក្បែរភូមិទីតាំងគាំទ្រ បេសកកម្មបៃតង ។
គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន មន្ទីរបញ្ចកោណបាននិយាយថា ខ្លួនមានក្តីព្រួយបារម្ភជាខ្លាំង ស្តីពីការវាយប្រហារទៅលើបុគ្គលិកអាមេរិក ដែលប្រចាំការនៅក្នុងប្រទេស ស៊ីរីនិងអ៊ីរ៉ាក់ ក្រោយមន្ត្រីការទូត និងកងទ័ព បានក្លាយជា គោល ដៅវាយប្រហារ នៅក្នុងហេតុការណ៍ វាយប្រហារដោយរ៉ុកកែត និងកូនដ្រូនចំនួន៣ បានបង្កឲ្យសមាជិក សេវាកម្មអាមេរិកពីរ រូបរងរបួស៕ ប្រែសម្រួល៖ប៉ាង កុង