ព័ត៌មានអន្តរជាតិ

ត្រឹម ២៤ម៉ោង ឥណ្ឌូនេស៊ី មានអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ រហូតដល់ជាង ១០០០នាក់

ហ្សាកាតា៖ ប្រភពពីក្រសួងសុខាភិបាលឥណ្ឌូនេស៊ី បានឲ្យដឹងថា ចំនួនករណីឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសនេះបានកើនឡើង ១២,៤០៨ ករណី ក្នុងរយៈពេលមួយថ្ងៃ សរុបកើនឡើងដល់ ៣,៩៧៩,៤៥៦ករណី ដោយចំនួនអ្នកស្លាប់បានកើនឡើងពី ១,០៣០នាក់ សរុបកើនឡើងដល់ ១២៦,៣៧២ នាក់។

ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ អ្នកជំងឺដែលបាន ជាសះស្បើយមានចំនួន ២៤,២៧៦ នាក់ ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យដោយធ្វើឱ្យចំនួនសរុបនៃការជាសះស្បើយ ពីជំងឺរាតត្បាតនៅក្នុងប្រទេស អាស៊ីអាគ្នេយ៍មួយនេះ កើនឡើងដល់ ៣,៥៤៦,៣២៤នាក់ ។

ប្រទេសឥណ្ឌូនេស៊ី កំពុងអនុវត្តគម្រោង ការរឹតត្បិតសកម្មភាពសហគមន៍ ដែលមានច្រើនថ្នាក់ ដែលត្រូវបានគេស្គាល់នៅក្នុងស្រុកថា PPKM ក្នុងគោលបំណងកាត់បន្ថយចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃ ដែលកំពុងកើនឡើងខ្លាំង។

ការទប់ស្កាត់ត្រូវបានកំណត់ឱ្យបញ្ចប់នៅថ្ងៃច័ន្ទនេះ ហើយរហូតមកដល់ពេលនេះ មិនមានសេចក្តីប្រកាសថា តើការពន្យាពេលនឹងត្រូវបន្ត ឬអត់នោះទេ។

រដ្ឋាភិបាលឥណ្ឌូនេស៊ី កំពុងកំណត់គោលដៅចាក់វ៉ាក់សាំងដល់ប្រជាជនចំនួន ២០៨,២ លាននាក់ដោយប្រើវ៉ាក់សាំង ដែលផលិតដោយក្រុមហ៊ុនផលិតឱសថមួយចំនួន។

ក្រសួងសុខាភិបាលបានរាយការណ៍ថារហូតមកដល់បច្ចុប្បន្ននេះ មនុស្សយ៉ាងតិច ៣១,៦០ លាននាក់នៅក្នុងប្រទេស បានទទួលវ៉ាក់សាំងចំនួន ២ដូស ហើយចំនួនអ្នកដែលត្រូវបានចាក់ថ្នាំលើកដំបូងឈានដល់ ៥៧,៣៣ លាននាក់៕

Most Popular

To Top