ក្រុមតាលីបង់ កំពុងតាមស្វែង រកសត្រូវដែលធ្លាប់ប្រឆាំង នឹងក្រុមពួកគេ យកមកសម្លាប់ចោល ។ នេះបើតាមការអះអាង របស់ក្រុមសិទ្ធមនុស្ស ។ ក្រុមសកម្មប្រយុទ្ធមួយនេះ កំពុងក្បត់សន្យារបស់ខ្លួន ដែលថានឹងមិនធ្វើការសងសឹកទៅលើអ្នកណាម្នាក់ នៅក្នុងប្រទេស អាហ្វហ្គានីស្ថាន នោះទេ នៅពេលថ្លែងក្នុងសន្និសីទសារព័ត៌មាន ជាលើកដំបូង ចាប់តាំងពីវាយដណ្តើម បានទីក្រុងកាប៊ុល។
បើតាមប្រភពពីប្រទេស អាហ្វហ្គានីស្ថាន បានឱ្យដឹង ក្រុមតាលីបង់ កំពុងចេញប្រតិបត្តិការតាមប្រម៉ាញ់អ្នកដែលធ្លាប់បានធ្វើការជាមួយសហរដ្ឋអាមេរិក និងអង្គការ ណាតូ ។ ពលរដ្ឋអាហ្វហ្គានីស្ថានរាប់ពាន់នាក់ បានភៀសខ្លួនចេញពីប្រទេសកំណើតខ្លួន ក្រោយអំណាចធ្លាក់ក្នុងដៃក្រុម តាលីបង់ ដើម្បីធានាសុវត្ថិភាព និងអាយុជីវិត ។
ក្រុមតាលីបង់ ហាក់មិនចោលមហិច្ចតា តាមកម្ទេចអ្នកដែលធ្លាប់ប្រឆាំង នឹងពួកគេនោះទេ ។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ ក្រុមសកម្មប្រយុទ្ធមួយនេះ បានចាប់ខ្លួនមេប៉ូលិសប្រចាំខេត្តមួយ ក្នុងប្រទេសអាហ្វហ្គានីស្ថាន ហើយបាញ់សម្លាប់ចោល ដោយគ្រាប់កាំភ្លើងជាច្រើនគ្រាប់ ៕