ក្រុមតាលីបង់ បានឱ្យដឹងនៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២១ ថាពួកគេឈប់ឱ្យមានការជម្លៀសប្រជាជនអាហ្វហ្គានីស្ថាន ចេញពីប្រទេសទៀតហើយ។ ក្រុមសកម្មប្រយុទ្ធមួយនេះ ថែមទាំងបានព្រមានសហរដ្ឋអាមេរិក ត្រូវបញ្ឈប់សកម្មភាពជម្លៀសប្រជាជន នៅពេលដែលឱសានវាទ ចូលមកដល់ នៅសប្តាហ៍ក្រោយនេះ។
ចំណែក ប្រធានាធិបតីអាមេរិក Joe Biden ឯណោះវិញក៏បានបញ្ជាក់ច្បាស់ថា សហរដ្ឋអាមេរិកនឹង ដកកងទ័ពចេញពីអាហ្វហ្គានីស្ថាន ឱ្យអស់នៅត្រឹមថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២១។ ប្រធានាធិបតីអាមេរិករូបនេះ បន្តទៀតថា ការដកទ័ពចេញឱ្យអស់ ពីអាហ្វហ្គានីស្ថាន នៅត្រឹមថ្ងៃទី៣១ ខែសីហា គឺអាចធ្វើទៅបាន ដរាបណា ក្រុមតាលីបង់ មិនរារាំងនិងបង្កផលរំខាន ដល់ប្រតិបត្តិការជម្លៀស មនុស្សចេញ។
អ្នកនាំពាក្យក្រុម តាលីបង់ Zabiullah Mujahid បានថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃអង្គារម្សិលមិញនេះថា ផ្លូវធ្វើដំណើរទៅព្រលាន យន្តហោះអន្តរជាតិទីក្រុង កាប៊ុល ត្រូវបានរារាំង ប៉ុន្តែជនជាតិបរទេសអាចធ្វើដំណើរបាន ចំណែកជនជាតិ អាហ្វហ្គានីស្ថាន គឺមិនបានដាច់ខាត។ អ្នកនាំពាក្យក្រុម តាលីបង់រូបនេះ បានបន្តថា ”ពួកយើងមិនសប្បាយចិត្តនោះទេ ដែលឃើញពលរដ្ឋ អាហ្វហ្គានីស្ថាន ត្រូវបានជម្លៀស ចេញជាបន្តបន្ទាប់។ ហើយពួកយើងក៏លែង អនុញ្ញាតឱ្យមានការជម្លៀស ជនជាតិអាហ្វហ្គានីស្ថាន ចេញជាបន្តទៀតដែរ” ៕