អូតាវ៉ា ៖ នាយករដ្ឋមន្រ្តីកាណាដាលោក Justin Trudeau បានប្រកាសថា កាណាដា នឹងរក្សាបុគ្គលិកយោធា របស់ខ្លួននៅអាហ្វហ្គានីស្ថាន ថ្វីបើប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ប្តេជ្ញាសម្រាប់ថ្ងៃផុតកំណត់យោធា អាមេរិកនៅថ្ងៃទី ៣១ ខែសីហាក៏ដោយ។
លោក Trudeau បានលើកឡើងថា“ ការប្តេជ្ញាចិត្តរបស់យើង ចំពោះអាហ្វហ្គានីស្ថាន មិនបញ្ចប់នោះទេ នៅពេលដែលដំណាក់កាលនេះផុតកំណត់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
លោកបន្តថា“ យើងនឹងបន្តធ្វើការជារៀងរាល់ថ្ងៃ ដើម្បីទទួល បានមនុស្សច្រើន តាមសម្ព័ន្ធមិត្តរបស់យើង ” ។ សុន្ទរកថារបស់លោក បានកើតឡើងបន្ទាប់ពីកិច្ចប្រជុំកំពូល និម្មិតនៅថ្ងៃអង្គារ របស់មេដឹកនាំ G7 ដែលបានជួបប្រជុំពិភាក្សាគ្នាថា តើការពង្រីកការប្តេជ្ញាចិត្ត យោធាអាមេរិក ចំពោះអាហ្វហ្គានីស្ថាន ត្រូវការសម្រាប់ការជម្លៀសជនជាតិ បរទេសទាំងអស់ និងជនជាតិអាហ្វហ្គានីដែលងាយរងគ្រោះ ដែលបានជួយជនជាតិអាមេរិក និងសម្ព័ន្ធមិត្តណាតូ មុនពេលការដួលរលំនាពេលថ្មីៗនេះ របស់ប្រទេសក្រោមអំណាច របស់ក្រុមតាលីបង់ ។
នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន បានហៅកិច្ចប្រជុំកំពូលបន្ទាន់នេះ ដើម្បីពិភាក្សា ពីវិបត្តិជម្លៀសប្រជាជន និងរៀបចំផែនការទំនាក់ទំនង រយៈពេលវែង ជាមួយមេដឹកនាំតាលីបង់នៅអាហ្វហ្គានីស្ថាន ក៏ដូចជាដោះស្រាយវិបត្តិមនុស្សធម៌ សម្រាប់ជនភៀសខ្លួន។
ប្រទេសកាណាដា គឺជាប្រទេសមួយ ក្នុងចំណោមប្រទេសសម្ព័ន្ធមិត្ត ដែលចូលរួមក្នុងការជម្លៀស ប្រជាជនចេញពីអាកាសយានដ្ឋាន ដែលមានភាពច្របូកច្របល់ នៅទីក្រុងកាប៊ុល ដែលកងកម្លាំងដឹកនាំដោយអាមេរិក បានធានាសុវត្ថិភាព នាពេលបច្ចុប្បន្ន។
រដ្ឋមន្ត្រីការពារជាតិកាណាដាលោក Harjit Sajjan បានឲ្យដឹងផងដែរថា យន្តហោះយោធាកាណាដា មួយគ្រឿងបានចាកចេញពីទីក្រុងកាប៊ុល ដោយមានអ្នកជម្លៀសជាង ៥០០ នាក់នៅលើនោះ។ ជើងហោះហើរជម្លៀសប្រជាជនកាណាដា នឹងបន្តដរាបណាលក្ខខណ្ឌអនុញ្ញាត”៕
ដោយ ឈូក បូរ៉ា