ព័ត៌មានអន្តរជាតិ

អាមេរិក និងចិន ចោទប្រកាន់គ្នាថា ជាប្រទេសបង្កការ គម្រាមកំហែង​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​បរទេស ៖ អនុប្រធានាធិបតី សហរដ្ឋអាមេរិក លោកស្រី Kamala Harris នៅថ្ងៃពុធនេះ បានធ្វើការចោទ ប្រកាន់ចិនជាថ្មី ពីបទបង្កការគម្រាមកំហែង ចំពោះប្រទេសជិតខាងនៅអាស៊ីអាគ្នេយ៍ ហើយនេះជាលើកទីពីរក្នុងពេលពីរថ្ងៃ ដែលលោកស្រីធ្វើការវាយ ប្រហារទីក្រុងប៉េកាំង នៅក្នុងអំឡុងដំណើរ ​ទស្សនកិច្ចអាស៊ី ដែលមានគោលដៅទប់ទល់ នឹងឥទ្ធិពលកំពុងកើនឡើងរបស់ចិន។

នៅថ្ងៃពុធនេះដែរ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានធ្វើការចោទប្រកាន់ លោកស្រី Harris ពីបទព្យាយាមជំរុញឲ្យមានការជាប់គាំង រវាងប្រទេសចិន និងបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ ជាមួយការថ្លែងនៅ ក្នុងប្រទេសសិង្ហបុរីថា ទីក្រុងប៉េកាំង បានប្រើប្រាស់ការបង្ខិតបង្ខំនិងការសម្លុតគម្រាម ដើម្បីគាំទ្រដល់ការអះអាងសកម្មសិទ្ធិខុសច្បាប់នៅដែនសមុទ្រចិន ខាងត្បូងរបស់ខ្លួន។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Channel News Asia នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា ថ្លែងនៅក្នុងទីក្រុងហាណូយ នាថ្ងៃពុធនេះ លោកស្រីអនុប្រធានាធិបតីអាមេរិក បានមានប្រសាសន៍ថា មានភាពចាំបាច់ត្រូវតែបង្កើនសម្ពាធ លើទីក្រុងប៉េកាំង ជុំវិញការអះអាងកម្មសិទ្ធិដែនសមុទ្ររបស់ប្រទេសនេះ ។

លោកស្រីបានថ្លែងនៅក្នុងអំឡុង ជួបជាមួយប្រធានាធិបតីវៀតណាម លោក Nguyen Xuan Phuc ថា “យើងចាំបាច់ត្រូវតែស្វែង រកមធ្យោបាយដាក់ សម្ពាធ បង្កើនសម្ពាធ លើទីក្រុងប៉េកាំង ឲ្យគោរពតាមសន្និបាតអង្គការ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សហប្រជាជាតិ លើច្បាប់ដែនសមុទ្រ និងដើម្បីប្រជែង ចំពោះការសម្លុតគម្រាម និងការអះអាងកម្មសិទ្ធិដែនសមុទ្រផ្តាច់មុខ” ៕ ប្រែសម្រួល៖ប៉ាង កុង​​​​​​​​​​​​

Most Popular

To Top