បរទេស ៖ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ BBC នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា ក្រុមតាលីបង់ បានធ្វើការសន្យា និងប្តេជ្ញាចិត្តយ៉ាងច្បាស់ ហើយទៅ កាន់អាមេរិកថា ខ្លួននឹងផ្តល់នូវសុវត្ថិភាព១០០ភាគរយ ជូនដល់ដំណើរការចាកចេញ ពីអាហ្គានីស្ថាន ទៅដល់ក្រុមពលរដ្ឋបរទេស និងក៏ដូចជាអាហ្គានីស្ថាន ផងដែរ នៅមុនពេលថ្ងៃទី៣១ខែសីហា។
រដ្ឋមន្ត្រីក្រសួងការបរទេស អាមេរិកលោក Antony Blinken គឺជាអ្នកដែលបានអះអាង អំពីការប្តេជ្ញាចិត្តរបស់ក្រុងតាលីបង់ លើកនេះហើយបន្តថា រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន និងក្រុមបណ្តាប្រទេសសម្ព័ន្ធមិត្ត គឺជាអ្នកទទួលខុសត្រូវ និងត្រួតពិនិត្យដោយផ្ទាល់ ចំពោះការសន្យារបស់តាលីបង់។
លោកបន្តថា អាមេរិកនឹងបន្តធ្វើការងារនេះ រហូតដល់ចុងខែសីហា ខណៈដែលមានមនុស្សរាប់ពាន់នាក់ ទាំងនៅខាងក្នុងអាកាសយានដ្ឋាន និងនៅក្រៅអាកាសយានដ្ឋាន កំពុងរងចាំ ក្នុងការចាកចេញពីប្រទេស។
គួរឲ្យដឹងថាដែរថា អស់រយៈពេលជាង១០ថ្ងៃមកហើយ ដែលតាលីបង់បានគ្រប់គ្រង ប្រទេសអាហ្គានីស្ថានទាំងស្រុង ហើយមកដល់ពេលនេះ មនុស្សប្រមាណជា ៨២០០០នាក់ ដែលបានជន្លៀស ចេញតាមជើងហោះហើរ ពីអាហ្គានីស្ថាន ខណៈដែលតាលីបង់ បានប្រកាសបន្តបន្ថែមពេលវេលា កំណត់នេះរហូតទៅដល់ថ្ងៃទី៣១ខែសីហា ៕
ប្រែសម្រួល៖ស៊ុនលី