បរទេស៖ក្នុងខណៈបញ្ចប់ដំណើរទស្សនកិច្ចនៅតំបន់អាស៊ីអាគ្នេយ៍ អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា សហរដ្ឋអាមេរិកស្វាគមន៍ចំពោះការប្រកួតប្រជែង និងមិនស្វះស្វែងឲ្យមានជម្លោះជាមួយទីក្រុងប៉េកាំងទេ ប៉ុន្តែនឹងបង្កើនការនិយាយស្តីបញ្ហានានា ដូចជាជម្លោះដែនសមុទ្រនៅដែនសមុទ្រចិនខាងត្បូងជាដើម។
ក្នុងដំណើរទស្សនកិច្ចមកកាន់ប្រទេសសិង្ហបុរីនិងប្រទេសវៀតណាម លោកស្រី Kamala Harris បានចោទប្រកាន់ចិន ពីបទសម្លុងគម្រាមប្រទេសជិតខាងនៅអាស៊ីអាគ្នេយ៍ បង្កឲ្យមានការរិះគន់វិញពីទីក្រុងប៉េកាំង ដែលចោទអាមេរិកពីបទជ្រៀតជ្រែកក្នុងកិច្ចការក្នុងតំបន់ និងរំខានដល់សន្តិភាព។
នៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម លោកស្រីអនុប្រធានាធិបតីអាមេរិក បាននិយាយប្រាប់សន្និសីទកាសែតមួយដូច្នេះថា “យើងស្វាគមន៍ចំពោះការប្រកួតប្រជែងដ៏ខ្លាំងក្លា យើងមិនស្វះស្វែងឲ្យមានជម្លោះទេ ប៉ុន្តែលើបញ្ហានានា ដូចជាបញ្ហាដែនសមុទ្រចិនខាងត្បូងជាដើម យើងនឹងបង្កើនការនិយាយ”។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Today World នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា លោកស្រី Kamala Harris បានមានប្រសាសន៍បន្ថែមទៀតថា “យើងនឹងបង្កើនការនិយាយ នៅពេលមានចំណាត់ការដែលទីក្រុងប៉េកាំងធ្វើឡើង គម្រាមកំហែងដល់បទបញ្ជាអន្តរជាតិ ផ្អែកលើក្រឹតក្រមនៃច្បាប់”៕
ប្រែសម្រួល៖ប៉ាង កុង