ព័ត៌មានអន្តរជាតិ

ក្រសួងការបរទេសចិន អំពាវនាវ ឲ្យមានការដោះលែង លោកស្រី Meng បន្ទាប់ពីការឃុំខ្លួនរយៈពេល ១០០០ ថ្ងៃ

ចិន៖ប្រទេសចិនបាននិយាយថា ខ្លួននឹងមិនអនុញ្ញាតឲ្យពលរដ្ឋរបស់ខ្លួន ធ្លាក់ក្នុងការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ពីប្រទេសដទៃទៀតឡើយ ខណៈខ្លួនបានអំពាវនាវ ឲ្យមានការដោះលែង ជាបន្ទាន់ប្រធានហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Huawei គឺលោកស្រី Meng Wanzhou ត្រូបានអាជ្ញាធរកាណាដាឃុំខ្លួនអស់រយៈពេល ១០០០ ថ្ងៃយោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។

ក្រសួងការបរទេសក៏បាន ស្នើឲ្យសហរដ្ឋអាមេរិកដកដីកាចាប់ខ្លួន លោកស្រី Meng និងសំណើធ្វើបត្យាប័នទៅប្រទេស កាណាដាដែលបានឃុំខ្លួននាយកប្រតិបត្តិក្រុមហ៊ុន Huawei កាលពីខែធ្នូឆ្នាំ ២០១៨ នៅអាកាសយានដ្ឋានអន្តរជាតិ Vancouver ។ ញត្តិតាមអ៊ីនធើណេតទាមទារឲ្យមានការដោះលែងលោក Meng ជាបន្ទាន់ដែលត្រូវបានបង្កើតឡើងដោយ Global Times កាលពីសប្តាហ៍មុន បានទាក់ទាញហត្ថលេខាជិត ១៥ លានពីអ្នកនិយម លេងអ៊ីនធើណេតនៅជុំវិញពិភពលោក។

សវនាការការធ្វើបត្យាប័ន របស់លោកស្រី Meng ស្តីពីថា តើលោកស្រីគួរត្រូវបានបញ្ជូនទៅសហរដ្ឋអាមេរិក ដើម្បីប្រឈមមុខនឹងការចោទប្រកាន់ពីបទឆបោកធនាគារ បានបញ្ចប់នៅទីក្រុង Vanco uver កាលពីសប្តាហ៍មុន។ យោងតាមសារព័ត៌មាន បានឲ្យដឹងថា លោកស្រី Heather Holmes អនុប្រធាន តុលាការនៅរដ្ឋ British Columbia បាននិយាយថា លោកស្រីនឹងប្រកាសពី កាលបរិច្ឆេទនៃសេចក្តីសម្រេចរបស់លោកស្រីលើសំណើធ្វើ បត្យាប័ននៅថ្ងៃទី ២១ ខែតុលាខាងមុខនេះ។

អ្នកនាំពាក្យក្រសួងការបរទេសលោក Wang Wenbin បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ករណីរបស់លោកស្រី Meng គឺជាឧបទ្ទវហេតុនយោបាយរៀបចំឡើង ដោយអាមេរិក ចំណែកកាណាដាជាអ្នកសមគំនិតក៏ដូចជា ការបង្ក្រាបដោយចេតនាលើសហគ្រាសចិន។ អាមេរិកនិងកាណាដាបានលើកឡើងពីច្បាប់ ជាច្រើនដង ដើម្បីការពារសកម្មភាព របស់ពួកគេ ប៉ុន្តែវាច្បាស់ណាស់ថា អាមេរិកកំពុងប្រើច្បាប់ទាំងនេះជាឧបករណ៍ ដើម្បីគាបសង្កត់ប្រទេសដទៃទៀត ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនដែលមិនស្របច្បាប់។

លោកបានបន្តថា កាណាដាមិនអើពើនឹងចេតនានយោបាយពិត របស់អាមេរិក។ ការពិតដែលថា លោកស្រី Meng មិនបានរំលោភលើច្បាប់កាណាដាណាមួយ ហើយត្រូវបានឃុំខ្លួនដោយមិនសមហេតុផល និងខុសច្បាប់រយៈពេល ១០០០ ថ្ងៃបានធ្វើឲ្យកាណាដាក្លាយជាអ្នកសមគំនិតរបស់អាមេរិក៕

Most Popular

To Top