ព័ត៌មានអន្តរជាតិ

យោធាចិន ជំរុញឲ្យអាមេរិក កែតម្រូវពាក្យសម្ដី និងគោរពផលប្រយោជន៍ស្នូលរបស់ចិន

ប៉េកាំង ៖ អ្នកនាំពាក្យយោធាចិនម្នាក់ បានជំរុញឱ្យសហរដ្ឋអាមេរិក គោរពផលប្រយោជន៍ស្នូល និងកង្វល់ធំៗ របស់ចិន កែតម្រូវពាក្យសម្ដី និងទង្វើខុសឆ្គងរបស់ខ្លួន ហើយធ្វើអ្វីៗ ជាច្រើនទៀត ដើម្បីធ្វើឱ្យប្រសើរឡើង នូវទំនាក់ទំនង រវាងប្រទេស និងយោធាទាំងពីរ។

លោក តាន់ ខេហ្វឺ អ្នកនាំពាក្យក្រសួងការពារជាតិចិន បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថា មួយរយៈចុងក្រោយនេះ មន្រ្តីយោធាអាមេរិកមួយចំនួន បានធ្វើការកត់សម្គាល់ដោយគ្មានការទទួលខុសត្រូវ និងយល់ច្រលំចំពោះបញ្ហាអំពីប្រទេសចិន។

លោកបានលើកឡើងថា“ យើងប្រឆាំងដាច់ខាត ចំពោះការលើកឡើង បែបនេះ” ។ លោកតាន់ បានបន្ដថា ដើមចមនៃការលំបាក ក្នុងទំនាក់ទំនងទ្វេភាគី គឺការឈ្លក់វង្វេង របស់ភាគីអាមេរិក ចំពោះអនុត្តរភាពចិត្ត គំនិតសង្គ្រាមត្រជាក់របស់ខ្លួន ។

លោកតាន់ បានបន្ថែមថា សហរដ្ឋអាមេរិក មើលឃើញថា ចិនជាគូប្រជែងយុទ្ធសាស្ត្រ និងជាការគំរាមកំហែង ផ្នែកសន្តិសុខ ហើយបាននិង កំពុងធ្វើអ្វីគ្រប់យ៉ាង ដែលអាចធ្វើទៅបាន ដើម្បីទប់ស្កាត់ និងគាបសង្កត់ ប្រទេសចិន ដែលធ្វើឱ្យប៉ះពាល់ដល់ អធិបតេយ្យភាពសន្តិសុខ និងផលប្រយោជន៍ អភិវឌ្ឍន៍របស់ចិន យ៉ាងធ្ងន់ធ្ងរ។

រំលឹកឡើងវិញពីការ ប្តេជ្ញាចិត្តរបស់ចិន ចំពោះការអភិវឌ្ឍន៍ ដោយសន្តិវិធី លោក តាន់ បានចោទប្រកាន់ សហរដ្ឋអាមេរិកថា ជាកត្តាចំបង ដែលជំរុញឱ្យ មានភាពតានតឹងនៅសមុទ្រចិនខាងត្បូង នេះបើយោងតាម ការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

លោកបានបន្ដថា“ យោធាចិន នឹងការពារ អធិបតេយ្យភាព សន្តិសុខ និង ផលប្រយោជន៍ ការអភិវឌ្ឍន៍ របស់ប្រទេសចិន ហើយប្រកាន់ខ្ជាប់ យ៉ាងម៉ឺងម៉ាត់នូវសន្តិភាព និងស្ថិរភាពក្នុង តំបន់និងពិភពលោក” ៕
ដោយ ឈូក បូរ៉ា

Most Popular

To Top