ព័ត៌មានអន្តរជាតិ

អាមេរិក ប្រកាសសងសឹក និងទំនងជាពន្យារ ពេលជម្លៀសពលរដ្ឋ ក្រោយមានការបំផ្ទុះ គ្រាប់បែកក្បែរ ព្រលានយន្ដហោះកាប៊ុល

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រកាសថា អាមេរិក នឹងតាមចាប់ខ្លួន ក្រុមភេរវករ ដែលបានវាយប្រហារ ដោយបំផ្ទុះគ្រាប់បែក ក្បែរព្រលាន យន្ដហោះ ទីក្រុងកាប៊ុល ដោយបានសម្លាប់ មនុស្សជិត ១០០នាក់ ហើយ និងរងរបួស ធ្ងន់ស្រាលជាង ១៤០នាក់ ហើយអាមេរិក អាចនឹងពន្យារពេល ប្រតិបត្ដិការ ជម្លៀសពលរដ្ឋចេញពី អាហ្វហ្គានីស្ថាន ដែលនឹងផុតកំណត់នៅត្រឹមថ្ងៃទី៣១ ខែសីហា ខាងមុខនេះដែរ ។

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានសន្យាថា នឹងទទួលខុសត្រូវ ចំពោះអ្នក ដែលទទួលខុសត្រូវ ចំពោះការវាយប្រហារនេះ ដោយលើកឡើងថា“ យើងនឹងមិនអត់ទោស ឲ្យនោះទេ យើងនឹងមិនបំភ្លេចឡើយ យើងនឹងតាមចាប់ខ្លួនអ្នក ហើយសងអ្នកវិញ” ។

នៅក្នុងសន្និសីទសារព័ត៌មាន នៅឯសេតវិមានលោក បៃដិន ក៏បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិក នឹងមិនត្រូវបានរារាំងដោយពួក ភេរវករឡើយដោយអះអាងថា“ អាមេរិក នឹងមិនត្រូវបំភិត បំភ័យឡើយ” ។

លោកបៃដិន បានលើកឡើងថា លោកបានបញ្ជា ឱ្យមេបញ្ជាការ យោធាបង្កើតផែនការ ដើម្បីវាយលុក ទ្រព្យសម្បត្តិ ភាពជាអ្នកដឹកនាំ និងមធ្យោបាយរបស់ក្រុម ISIS-K ក្នុងការសងសឹក។

លោកបានបន្ថែមថា“ យើងនឹងឆ្លើយតបដោយកម្លាំង និងភាពជាក់លាក់ នៅពេលវេលារបស់យើង នៅកន្លែងដែលយើង ជ្រើសរើស និងពេលនៃការជ្រើសរើស របស់យើង” ។

អ្នកនាំពាក្យ សេតវិមាន លោកស្រី ជេន សាគី បានលើកឡើងថា កាលកំណត់ របស់រដ្ឋបាល ក្នុងការ បញ្ចប់ការ ដកកងទ័ព អាមេរិកនៅចុងខែនេះ មិនមានការផ្លាស់ ប្តូរនោះទេ ខណៈដែលសង្កត់ធ្ងន់ថា គ្មានថ្ងៃបញ្ចប់ ចំពោះកាលកំណត់ សម្រាប់ការជម្លៀស ពលរដ្ឋអាមេរិក និងអាហ្វហ្គានីស្ថាន ដែលបាន ធ្វើការជាមួយ សហរដ្ឋអាមេរិក កំឡុងសង្គ្រាមនោះឡើយ។

ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានរាយការណ៍ថា មនុស្សយ៉ាងតិច ៧០ នាក់បានស្លាប់ និងប្រហែល ១៤០ នាក់រងរបួស នៅក្នុងការផ្ទុះពីរលើក ដែលបានកើតឡើងខាងក្រៅ អាកាសយានដ្ឋាន រដ្ឋធានីកាប៊ុល របស់អាហ្វហ្គានីស្ថាន ខណៈដែលប្រទេសជាច្រើនខិតខំជម្លៀសពលរដ្ឋរបស់ពួកគេ បន្ទាប់ពីក្រុមតាលីបង់ បានដណ្តើមអំណាច នាពេលថ្មីៗនេះ នៅក្នុងប្រទេស ដែលហែកហួរ ដោយសង្គ្រាមមួយនេះ។

មន្ទីរប៉ង់តាហ្គោន បានឲ្យដឹងថា សមាជិកយោធាអាមេរិកសរុប ចំនួន ១៣ នាក់បានស្លាប់ និង ១៨ នាក់បានរងរបួស ។ ក្រុមរដ្ឋឥស្លាម បានអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារ ដ៏សាហាវនេះ តាមរយៈគេហទំព័រ ព័ត៌មានសម្ព័ន្ធរបស់ខ្លួន។

ការបំផ្ទុះគ្រាប់បែក ដែលត្រូវបានគេជឿថា ជាការបំផ្ទុះគ្រាប់បែក អត្តឃាត ដោយសម្ព័ន្ធអង្គការ រដ្ឋឥស្លាម ហៅកាត់ថា ISIS-K បានកើតឡើងប៉ុន្មានថ្ងៃមុនថ្ងៃផុត កំណត់ថ្ងៃទី៣១ ខែសីហា សម្រាប់ការ ដកកងកម្លាំងអាមេរិកចេញពីអាហ្វហ្គានីស្ថាន ខណៈប្រតិបត្តិការ ជម្លៀសដ៏វឹកវរនៅតែបន្ត នៅព្រលានយន្តហោះ ។

រដ្ឋមន្រ្តីការពារជាតិ លោក Lloyd Austin ក៏បានកាន់ទុក្ខ ចំពោះការបាត់បង់យោធា នៅក្នុងសេចក្តីថ្លែង ការណ៍មួយដោយលើកឡើងថា“ ភេរវករ បានឆក់យកអាយុ ជីវិតពួកគេ នៅពេលដែលកងទ័ពទាំងនេះ កំពុងព្យាយាមជួយ សង្គ្រោះជីវិតអ្នកដទៃ” ។

បន្ទាប់ពីការផ្ទុះនេះ សេតវិមានបានប្រកាសថា កិច្ចប្រជុំរវាង លោក បៃដិន និងនាយករដ្ឋមន្រ្តី អ៊ីស្រាអែលលោក Naftali Bennett ត្រូវបាន ពន្យារពេល រហូតដល់ថ្ងៃសុក្រ ដោយសារតែករណី បំផ្ទុះគ្រាប់បែកខាងលើនេះ៕
ដោយ ឈូក បូរ៉ា

Most Popular

To Top