បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ អង់គ្លេសលោក Ben Wallace នៅថ្ងៃសុក្រនេះបាននិយាយថា ប្រតិបត្តិការជន្លៀសពលរដ្ឋ អាហ្គានីស្ថានរបស់អង់គ្លេសគឺ ស្ថិតមកដល់ដំណាក់កាល និងនាទីចុងក្រោយទៅហើយ ដែលនឹងមិនមានមនុស្សណាទៀត នឹងត្រូវបញ្ចូនចេញឡើយ នៅពេលវេលានឹងមកដល់។
លោកបន្តប្រាប់ទៅកាន់ ក្រុមអ្នកកាសែតថានៅសណ្ឋាគារ Baron Hotel ដែលជាទីកន្លែងពលរដ្ឋអាហ្គានីស្ថាន ភៀសខ្លួនកំពុងស្នាក់នៅ និងអាកាសយានដ្ឋាន អន្តរជាតិរបស់អង់គ្លេស នឹងត្រូវបិទទ្វាជាផ្លូវការសម្រាប់ ពលរដ្ឋអាហ្គានីស្ថានទាំងឡាយ នៅវេលាត្រឹមម៉ោង ៤និង៣០នាទីព្រឹកនេះហើយ។

លោកបន្តថាពួកយើងនឹង បន្តដំណើរការជួយដល់ ពលរដ្ឋអាហ្គានីស្ថានដែលយើង បានជន្លៀសដែលអាចមានចំនួនប្រហែលជាជាង ១០០០នាក់ដើម្បីអាចស្វែងរកទីជម្រក ថ្មីតាមដែលយើងអាចធ្វើទៅបាន។
គួរឲ្យដឹងដែរថា សេចក្តីថ្លែងការណ៍នេះ ត្រូវបានធ្វើឡើងនៅក្រោយ ពេលតែមួយថ្ងៃប៉ុណ្ណោះ ដែលហេតុការណ៍ផ្ទុះដល់ទៅ ២ដងកណ្តាលអាកាសយានដ្ឋាន ទីក្រុងកាប៊ុលបានកើតឡើង ដែលបានធ្វើឲ្យមនុស្សស្លាប់ សរុបកើនឡើងទៅដល់ ១០៣នាក់ និងក្នុងនោះ១៣នាក់ ជាយោធារបស់សហរដ្ឋអាមេរិកផងដែរ ៕
ប្រែសម្រួល៖ ស៊ុន លី
