ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ទំនងជាចាប់ផ្តើមជាថ្មី នូវរ៉េអាក់ទ័រ នុយក្លេអ៊ែ Yongbyon

បរទេស ៖ ប្រទេសកូរ៉េខាងជើង ហាក់បានចាប់ផ្តើមដំណើរ ការរ៉េអាក់ទ័រ នុយក្លេអ៊ែមួយ ដែលមានសមត្ថភាព ផលិតសារ ធាតុភ្លូតូនីញ៉ូម កម្រិតអាវុធ ក្រោយផ្អាក់អស់ រយៈពេលជាង ២ឆ្នាំកន្លះ នេះបើយោង តាមរបាយការណ៍ថ្មីមួយ ចេញដោយទីភ្នាក់ងារ ថាមពលអាតូមិកអន្តរជាតិ របស់អង្គការសហប្រជាជាតិ ។

យោងតាមរបាយការណ៍ របស់ទីភ្នាក់ងារ IAEA ដែលដាក់ ជូនដល់គណៈគ្រប់គ្រង របស់ទីភ្នាក់ងារ នៅថ្ងៃសុក្រ បានឲ្យដឹងថា រ៉េអាក់ទ័រ៥មេហ្គាវ៉ាត់ នៅអគារ ស្រាវជ្រាវ នុយក្លេអ៊ែ Yongbyon បានបង្ហាញ ឲ្យឃើញ ពីដំណើរការប្រើប្រាស់ ចាប់តាំងពីកាលខែមុនមក ។

របាយការណ៍នោះ បាននិយាយថា “មិនមានការបង្ហាញឲ្យឃើញពីដំណើរប្រតិបត្តិការរបស់រ៉េអាក់ទ័រ ពីដើមខែធ្នូឆ្នាំ២០១៨ រហូតដល់ដើមខែកក្កដា ឆ្នាំ២០២១ ប៉ុន្តែចាប់តាំងពីដើមខែកក្កដាឆ្នាំ២០២១ មានការបង្ហាញនានា ដែលរួមទាំងការបញ្ចេញចំហាយទឹកត្រជាក់ ស្របទៅនឹងប្រតិបត្តិការរ៉េអាក់ទ័រ” ។

គួរបញ្ជាក់ថា តាមសេចក្តីរាយការណ៍ ទីភ្នាក់ងារថាមពល អាតូមិកអន្តរជាតិ មិនបានចូលទៅក្នុង ប្រទេសកូរ៉េខាងជើង ចាប់តំាងពី ឆ្នាំ២០០៩មក នៅពេលដែលទីក្រុង ព្យុងយ៉ាង បណ្ដេញក្រុមអ្នកត្រួតពិនិត្យ របស់ទីភ្នាក់ងារនេះ និងបានប្រើប្រាស់ រូបភាព ពីផ្កាយរណប ដើម្បីពិនិត្យមើលសកម្មភាព នៅទីតាំងនុយ ក្លេអ៊ែកូរ៉េខាងជើង ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top