ក្រុមតាលីបង់ កំពុងតាមរកប្រជាជនអាហ្វហ្គានីស្ថាន ដែលជាអ្នកស្រលាញ់ភេទដូចគ្នា ដើម្បីយកមកសម្លាប់ចោល។ កាលពីពេលដែលក្រុម តាលីបង់ កាន់អំណាចនៅកំឡុងឆ្នាំ ១៩៩៦ ដល់ ២០០១ អ្នកស្រលាញ់ភេទដូចគ្នា ក្នុងប្រទេសអហ្វហ្គានីស្ថាន ត្រូវបានកាត់ទោសប្រហារជីវិត។

សិស្សស្រីម្នាក់អាយុ ២០ឆ្នាំ សុំមិនបញ្ចេញឈ្មោះ ដើម្បីរក្សាសុវត្ថិភាព បានឱ្យដឹងថា នាងជាអ្នកស្រលាញ់ភេទដូចគ្នា ហើយពេលនេះកំពុងស្ថិតនៅក្នុងប្រទេសអាហ្វហ្គានីស្ថាននៅឡើយ។ នារីខាងលើ សង្ឃឹមថា នាងនិងគ្រួសារអាចចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន ឆាប់ៗនេះ។ នារីវ័យ២០ឆ្នាំរូបនេះ បានបន្តទៀតថា ជាអ្នកស្រលាញ់ភេទដូចគ្នា ច្បាស់ណាស់ រដ្ឋាភិបាលតាលីបង់ នឹងតាមសម្លាប់នាងចោល។

មន្រ្តីសហរដ្ឋអាមេរិក បានឱ្យដឹងថា មានជនជាតិអាហ្វហ្គានីស្ថានពី ៥មុឺន ទៅ ៦,៥មុឺននាក់ កំពុងរង់ចាំការជម្លៀសចេញពីប្រទេសនេះ បន្ទាប់ពីក្រុមតាលីបង់ ទទួលបានអំណាច។ ក្នុងចំណោមអ្នកដែលចង់ជម្លៀសចេញ មានជនជាតិអាហ្វហ្កានីស្ថាន ដែលស្រលាញ់ភេទដូចគ្នាជាច្រើននាក់៕

