ព័ត៌មានអន្តរជាតិ

ជប៉ុន កំពុងពិចារណាសំណើ សុំបង្កើនកញ្ចប់ថវិកា យោធាជាតិ

បរទេស៖ក្រសួងការពារជាតិនៃប្រទេសជប៉ុន កាលពីថ្ងៃអង្គារកន្លងទៅនេះបានធ្វើការដាក់សំណើ សុំបង្កើនប្រាកចំណាយយោធាកើនឡើងប្រមាណជា២,៦ភាគរយ សម្រាប់ឆ្នាំនេះខណៈពេលដែលខ្លួន កំពុងមានបំណងចង់ពង្រឹងវិស័យការពារជាតិ ទប់ទល់ទៅនឹងប្រទេសចិន។

កញ្ចប់ថវិកាដែលត្រូវបានស្នើសុំមានទំហំ ប្រមាណជា៥,៤៨ទ្រីលានយេនឬប្រមាណជា៤៩,៨៦ពាន់លានដុល្លារ ដែលនឹងគិតចាប់រាប់ពីថ្ងៃទី១ខែមេសាឆ្នាំ២០២២ទៅហើយ វានឹងក្លាយទៅជាកំណត់ត្រាថ្មីដែលជប៉ុន នឹងមានប្រសិនបើកញ្ចប់ថវិកានេះត្រូវបានអនុម័ត ដោយក្រសួងហិរញ្ញវត្ថុនិងសភានៅចុងឆ្នាំនេះ និងក៏ជាកំណើនក្នុងរយៈពេល ៩ឆ្នាំជាប់គ្នាផងដែរ។

ប្រទេសជប៉ុនបានបង្ហាញពីក្តីព្រួយបារម្ភខ្លាំងចំពោះ សកម្មភាពយោធារបស់ចិនកាន់តែខ្លាំងឡើង នៅក្នុងតំបន់ជាពិសេសភាពតានតឹងជាមួយនឹងកោះតៃវ៉ាន់ក៏ដូចជាសហរដ្ឋ អាមេរិកដែលជាដៃគូសម្ព័ន្ធមិត្តរបស់ខ្លួនផងនោះ។

ជាលទ្ធផលជប៉ុនបានបង្កើនកម្លាំង ការពារជាតិរបស់ខ្លួនកាន់តែខ្លាំងទៅកាន់តំបន់មួយចំនួនរួចរាល់ហើយ ដូចជាកោះ Ishigaki ដែលបានបំពាក់ប្រព័ន្ធការពារ មីស៊ីលនិង ត្រៀមរួចជាស្រេចសម្រាប់ ប្រតិបត្តិការគ្រប់នាទីនោះផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top