បរទេស៖អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នាពេលថ្មីៗនេះ បានអំពាវនាវឲ្យមេដឹកនាំពិភពលោកនានា ជួយប្រជាជនអាហ្វហ្គានីស្ថាន ស្របពេលដែលមហន្តរាយមនុស្សជាតិ មានការកើនឡើង នៅក្នុងប្រទេសដែលខ្ទេចខ្ទាំដោយសង្គ្រាមមួយនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកបានមានប្រសាសន៍យ៉ាងដូច្នេះថា “ខ្ញុំជំរុញឲ្យប្រទេសទាំងអស់ប្រឹងប្រែងជាខ្លាំង សម្រាប់ប្រជាជននៃប្រទេសអាហ្វហ្គានីស្ថាន ក្នុងពេលវេលាខ្វះខាតបំផុតរបស់ពួកគេ ហើយខ្ញុំជំរុញពួកគេឲ្យផ្តល់ជំនួយឲ្យទាន់ពេលវេលា មានភាពបត់បែននិងទូលំទូលាយ”។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា លោក Antonio Guterres បានមានប្រសាសន៍បន្តទៀតថា “ខ្ញុំជំរុញពួកគេឲ្យជួយធានាដល់ក្រុមការងារមនុស្សធម៌ ឲ្យមានជំនួយ លទ្ធភាពធ្វើដំណើរចូលទៅ និងកិច្ចការពារផ្លូវច្បាប់ ដែលពួកគេត្រូវការ ដើម្បីស្នាក់នៅនិងដឹកជញ្ជូន”។
គួរបញ្ជាក់ថា អង្គការសហប្រជាជាតិ បានចេញសេចក្តីព្រមាននេះ ក្រោយបញ្ចប់ការដកកងទ័ពអាមេរិកចេញពីប្រទេសអាហ្វហ្គានីស្ថាន ដែលជាប្រទេសមួយ បច្ចុប្បន្នកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកតាលីបង់ ក្រោយសង្គ្រាមរយៈពេល២០ឆ្នាំ៕ប្រែសម្រួល៖ប៉ាង កុង