បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា សហរដ្ឋអាមេរិក និងប្រទេសអ៊ុយក្រែន បានឈានទៅដល់ការ
ចុះព្រមព្រៀងគ្នាទៅលើ កិច្ចការងារជាយុទ្ធសាស្ត្រលើ វិស័យការពារជាតិ និងសន្តិសុខផងដែរ។
សេចក្តីថ្លែងការណ៍ដែល ត្រូវបានធ្វើឡើងដោយ អង្គភាពសារព័ត៌មានរបស់ លោកនាយករដ្ឋមន្ត្រីអ៊ុយក្រែន ដែលបានធ្វើឡើងកាលពីថ្ងៃពុធ
ម្សិលមិញបានបញ្ជាក់ទៀតថា កិច្ចព្រមព្រៀងនេះបានធ្វើឡើង ក្រោមវត្តមានរបស់លោកប្រធានាធិបតី Volodymyr Zelensky នៅក្នុង
អំឡុងពេលនៃទស្សនកិច្ច របស់លោកទៅកាន់ទីក្រុងវ៉ាស៊ិនតោន។
កិច្ចព្រមព្រៀងនេះត្រូវបាន គេមើលឃើញដែរថា នឹងជួយបង្កើតនូវលក្ខខណ្ឌ សម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការ ទ្វេភាគីក្នុងវិស័យការពារជាតិផង និងផ្តល់ការគាំទ្រផ្នែកច្បាប់អន្តរជាតិ ពីសហរដ្ឋអាមេរិកផងចំពោះអធិបតេយ្យភាព បូរណភាពទឹកដី និងឯករាជ្យភាពរបស់អ៊ុយក្រែន។
សេចក្តីថ្លែងការណ៍ដដែល ក៏បានបញ្ជាក់ដែរថា កិច្ចព្រមព្រៀងនេះក៏នឹង ជួយជម្រុញនិងពន្លឿនដំណើរការ ចូលអង្គការសន្ធិសញ្ញាណាតូ ពីសំណាក់ប្រទេសអ៊ុយក្រែនផងដែរ ៕
ប្រែសម្រួល៖ ស៊ុន លី