ព័ត៌មានអន្តរជាតិ

អាមេរិក និងឥណ្ឌា ចុះហត្ថលេខាជាង ២០លានដុល្លារ ដើម្បីអភិវឌ្ឍយន្តហោះប្រតិកម្ម

បរទេស៖ កងទ័ពជើងអាកាសសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានប្រកាសនៅថ្ងៃសុក្រសប្ដាហ៍នេះថា សហរដ្ឋអាមេរិក និងប្រទេសឥណ្ឌា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីរួមគ្នាអភិវឌ្ឍយន្តហោះគ្មានមនុស្សបើក ដែលដំណើរការចេញពីអាកាស។ 

កិច្ចព្រមព្រៀងនោះ គឺជាគម្រោងដំបូងដែលគ្រោងធ្វើឡើង ក្រោមគោលគំនិតបច្ចេកវិទ្យាការពារជាតិ និងជំនួញរបស់អាមេរិកនិងឥណ្ឌា ជាគោលគំនិតដែលគេបង្កើតឡើង ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរបច្ចេកវិទ្យាគ្នា ការស្រាវជ្រាវរួមគ្នា និងសហអភិវឌ្ឍន៍លើប្រព័ន្ធការពារជាតិ។ 

នៅក្នុងសេចក្តីថ្លែងការណ៍មួយ អនុលេខាធិការកងទ័ពអាកាស លោក Kelli L. Seybolt បានមានប្រសាសន៍ថា “សហរដ្ឋអាមេរិកនិងប្រទេសឥណ្ឌា មានទស្សនវិស័យរួមគ្នា ចំពោះសេរីភាពនិងភាពបើកចំហនៃតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក”។ 

តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI បានឲ្យដឹងថា លោក Kelli L. Seybolt បានមានប្រសាសាន៍យ៉ាងដូច្នេះបន្តថា “កិច្ចព្រមព្រៀងសហអភិវឌ្ឍន៍នេះ ជាការបន្ថែមឋានៈរបស់ប្រទេសឥណ្ឌា ជាដៃគូការពារជាតិចម្បង និងកសាងសហប្រតិបត្តិការការពារជាតិដ៏រឹងមាំ ដែលមានស្រាប់របស់យើង”៕ 

ប្រែសម្រួល៖ប៉ាង កុង 

Most Popular

To Top