ប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី បានប្រាប់បេសកជនអាកាសធាតុ អាមេរិកលោក ចន ឃើរី ថាភាពតានតឹងអូសបន្លាយ រវាងប្រទេសមហាអំណាចទាំងពីរ នឹងធ្វើឱ្យភាគីទាំងពីរពិបាកធ្វើការជាមួយគ្នា ក្នុងវិស័យអាកាសធាតុ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ប្រទេសចិន។
សុន្ទរកថារបស់លោក វ៉ាង យី បានកើតឡើងខណៈដែលទីក្រុងប៉េកាំង មានទំនាស់ជាមួយទីក្រុងវ៉ាស៊ីនតោន លើបញ្ហាមួយចំនួន រួមទាំងការរំលោភសិទ្ធិមនុស្សនៅស៊ីនជាំង ការបង្ក្រាបសេរីភាពនៅហុងកុង និងបញ្ហាប្រឈមផ្នែកសន្តិសុខ ចំពោះកោះតៃវ៉ាន់ និងនៅសមុទ្រចិនខាងត្បូង។
លោក ឃើរី រដ្ឋមន្រ្តីការបរទេសក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីលោក បារ៉ាក់ អូបាម៉ា បានទៅដល់ទីក្រុងធានជីន ប្រទេសចិន តាំងពីថ្ងៃអង្គារ។ ទីភ្នាក់ងារព័ត៌មានស៊ីនហួ បានរាយការណ៍ថា រូបលោក និងលោក វ៉ាង យី បានពិភាក្សាគ្នាតាមវីដេអូភ្ជាប់។
សហរដ្ឋអាមេរិក បានពណ៌នាកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរអាកាសធាតុថាជា“ ផលប្រយោជន៍នៃតំបន់មានជីវជាតិរវាងចិន-អាមេរិក ប៉ុន្តែប្រសិនបើវាត្រូវបានហ៊ុព័ទ្ធ ដោយវាលខ្សាច់នោះ មិនយូរមិនឆាប់ តំបន់មានជីវជាតិ នឹងប្រែទៅជាវាលខ្សាច់ ។
ពាក់ព័ន្ធនឹងទំនាក់ទំនងរវាងចិន-អាមេរិក លោក វ៉ាង យី បានលើកឡើងថា កិច្ចសហប្រតិបត្តិការលើការប្រែប្រួលអាកាសធាតុ បម្រើផលប្រយោជន៍របស់ភាគីទាំងពីរ និងពិភពលោក ក៏ដូចជារីករាយជាមួយនឹងចក្ខុវិស័យអភិវឌ្ឍន៍ធំទូលាយ ប៉ុន្តែកិច្ចសហប្រតិបត្តិការបែបនេះ មិនអាចទ្រទ្រង់បាននោះទេ បើគ្មានការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគី។
លោកវ៉ាង យី ក៏បានជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការមើលប្រទេសចិនថា ជាការគំរាមកំហែង និងជាគូប្រជែង ឈប់បង្ក្រាបប្រទេសអាស៊ី និងចាត់វិធានការជាក់ស្តែង ដើម្បីធ្វើឱ្យទំនាក់ទំនងកាន់តែប្រសើរឡើង។
ជាមួយគ្នានេះដែរ លោក ឃើរី បានប្រាប់លោក វ៉ាង យី ថាសហរដ្ឋអាមេរិក មានឆន្ទៈក្នុងការចាប់ដៃជាមួយចិន ដើម្បីបង្កើនកិច្ចសន្ទនាបង្ហាញពីភាពជាអ្នកដឹកនាំ និងធ្វើជាគំរូ សម្រាប់សម្រេចបានគោលដៅក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ២០១៥ ។
នៅក្នុងការសន្ទនាតាមវីដេអូផ្សេងកាលពីថ្ងៃព្រហស្បតិ៍អ្នកការទូតកំពូលចិនលោក Yang Jiechi អតីតរដ្ឋមន្រ្តីការបរទេស ដែលបច្ចុប្បន្នជាទីប្រឹក្សារដ្ឋ បានប្រាប់លោក ឃើរី ឲ្យដឹងផងដែរថា ការជ្រៀតជ្រែករបស់អាមេរិក នៅក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន បានធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគី៕
ដោយ ឈូក បូរ៉ា